ដោយៈ បាយ័ន / សៀមរាបៈ ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បានរៀបចំ​បើក កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៧ តាមរយៈ​ប្រព័ន្ធ​វិ​ឌី​អូ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា ខេត្តសៀមរាប និង​លោក លី សំរិទ្ធ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន ៤ គឺៈ ទី​១ ពិនិត្យ និង​អនុម័ត កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ , ទី​២ ពិនិត្យ​និង​អនុម័ត របាយការណ៍ ប្រចាំខែ​កក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត , ទី​៣ ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​ការកែសម្រួល សមាសភាព គណៈកម្មាធិការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ និង ទី​៤​បញ្ហា​ផ្សេងៗ ។​

​ក្រៅពី​របៀបវារៈ​ទាំង​បួន​នេះ អង្គប្រជុំ បាន​លើកយក​នូវ បញ្ហា​មួយចំនួន មក​ពិភាក្សា រួមមានៈ អំពី​វិធានការ ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងឱកាស​ដែល​ស្ថានការណ៍ នៃ​ជំងឺ​នេះ កំពុង​បន្ត​រីក​រាលដាល កាន់តែខ្លាំង , បញ្ហា​ករណី​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ឌែ​លតា , បញ្ហា​ទទួល​ប្រជាពលរដ្ឋ មកពី​ក្រៅ ប្រទេស , ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត , ការធ្វើ​អាជីវកម្ម​ផលិតផល ក្លែងក្លាយ​ទាំង​សម្ភារ ប្រើប្រាស់ និង​ម្ហូបអាហារ , បញ្ហា​សុវត្ថិភាព​ចរាចរណ៍ , បញ្ហា​ការស្ថាបនា​ផ្លូវ ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប , បញ្ហា​អំពើហិង្សា​លើ​ស្រី និង​កុមារ និង​បញ្ហា​គ្រោះ​ម​ហត្ថ​រាយ​ផ្សេងៗ ដូចជា បញ្ហា​ទឹកជំនន់ និង​អគ្គិភ័យ ជាដើម ។​

​លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថាៈ ប្រមុខ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​កុមារ និង យុវវ័យ ដែលមាន​អាយុ ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ត្រូវ​មក​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​វា​ជា វិធានការ ចាំបាច់​មួយ ដើម្បី​ដោះស្រាយ និង​ស្ដារឡើងវិញ ចំពោះ​ការបង្កើន ចំណេះដឹង​ឡើងវិញ សម្រាប់​យុ​វ័យ​យើង ព្រោះថា ការចាក់​វ៉ាក់សាំង​ជូន​ពួកគាត់ នេះ វា​អាចជា​ឱកាស ដែល​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ដំណើរការ នៃ​ការចាប់ផ្ដើម ឲ្យ​មាន​ការបើក​សាលារៀន​ឡើងវិញ ដូចនេះ សូម​ឲ្យ​ក្រុមការងារ ត្រូវ​ព​ន្លឿ​ន​បន្ថែមទៀត ចំពោះ​ការងារ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​យើង ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ដែល​អាចធ្វើ​ទៅបាន ក្នុងនោះ​លោកគ្រូ​អ្នកគ្រូ​ក៏ដូចជា​អាណា ព្យាបាល ត្រូវធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​បន្ថែមទៀត សម្រាប់​កូនៗ​របស់ខ្លួន អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ នៃ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺ​មួយ​ដ៏​កាច សាហាវ​នេះ ។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើន ការ​រឹត​ប​ន្ទឹ​ង​បន្ថែមទៀត ក្នុងនោះ​លោក លី សំរិទ្ធ បាន​មានប្រសាសន៍ថាៈ កន្លងមកនេះ បើទោះជា​ការគ្រប់គ្រង​ទិន្នន័យ​អ្នកដំណើរ និង​ការស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ ក្នុងករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​វត្ថុ​សំណាក ទៅ​វិភាគ រួមទាំង​បាន​បញ្ជូន​អ្នក​វិជ្ជមាន ទៅ​ព្យាបាល​នៅ មន្ទី​ពេទ្យ​បង្អែក​ខេត្ត និង​ទីតាំង​ព្យាបាល​ផ្សេងៗ ជា​បន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែ​វា​នៅ តែ​ជា​ក្តី​ព្រួយបារម្ភ ដោយសារ​ចំនួន អ្នក​មកពី​ក្រៅប្រទេស មាន​ចំនួន​កើនឡើង ហើយ​ក្នុងនោះដែរ ចំពោះ​អ្នក​មកពី ក្រៅប្រទេស​នេះដែរ ក្រុមការងារ ក៏បាន​រក ឃើញ នូវ​ករណី​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ និង​វិ​រុស​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ជាច្រើន​ករណី ដែល​វា​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​អាជ្ញាធរខេត្ត មានការ​ព្រួយបារម្ភ​៕/V​-PC