ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ចិនកាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការប្រឆាំងយ៉ាងមុតមាំចំពោះការអនុម័តរបស់ក្រសួងការបរទេសអាម៉េរិកដើម្បីលក់សព្វាវុធទៅអោយកោះតៃវ៉ាន់និងបានដាក់ការប្រឆាំងតវ៉ាទៅភាគីអាម៉េរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិននឹងចាត់វិធានការច្បាប់និងការតតបចាំបាច់ស្របតាមការវិវត្តន៍សភាពការណ៍។
ប្រតិកម្មរបស់ចិនកើតឡើងបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខយោធារបស់ក្រសួងការពារជាតិអាម៉េរិក បានប្រកាសកាលពីថ្ងៃ៤សីហាថា ក្រសួងការបរទេសអាម៉េរិកបានអនុម័តលក់កាំភ្លើងធំ Howitzerចំនួន៤០ដើមតំលៃ៧៥០លានដុល្លារទៅអោយកោះតៃវ៉ាន់។
ដោយបញ្ជាក់ថាតៃវ៉ាន់ជាផ្នែមួយនៃទឹកដីចិន អ្នកនាំពាក្យបាននិយាយថា អាម៉េរិកកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិននិងធ្វើអោយខូចអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិនដោយសារតែលក់សព្វាវុធអោយកោះតៃវ៉ាន់។ចំណាត់ការនេះវាប្រឆាំងច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយរំលោភគោលការណ៍ចិនតែមួយព្រមទាំងខច្បាប់នៃសេចក្តីថ្លែងការណ៍រួមចិន-អាម៉េរិកចំនួន៣។
អ្នកនាំពាក្យបានបន្ថែមថា ចំណាត់ការរបស់អាម៉េរិកនេះបញ្ជូនសារខុសឆ្គងទៅកាន់កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់ និងធ្វើអោយគ្រោះថ្នាក់ទំនាក់ទំនងចិន-អាម៉េរិក ព្រមទាំងសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។«ចិនសូមប្រឆាំងដាច់ខាតនិងធ្វើការតវ៉ាប្រឆាំងផ្លូវការទៅភាគីអាម៉េរិក»៕
តៃវ៉ាន់អរគុណអាម៉េរិកដែលលក់កាំភ្លើងធំ៤០ឈុតអោយខ្លួន