ប៉ូលិស​ហ្វីលីពីន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ក្នុងការ​ចាប់ពង្រត់​ក្រុម​អ្នកដើរ​កប៉ាល់​ជនជាតិ​វៀតណាម​

1139
ចែករម្លែក

​ប៉ូលិស​ហ្វីលីពីន​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់​ដែល​ត្រូវបាន​សង្ស័យ​ជា​សមាជិក​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដែល​បាន​ជាប់ទាក់ទង​ទៅនឹង​ការចាប់​ពង្រត់​ក្រុម​អ្នកដើរ​កប៉ាល់​ជនជាតិ​វៀតណាម​ច្រើន​នាក់ កាលពី​ឆ្នាំ​២០១៦​។​

​លោក នី​សុន មុក​សាន មេ​ប៉ូលិស​ខេត្ត​បា​ស៊ី​ឡាន់ នៅ​ហ្វីលីពីន បាន​និយាយថា ក្រុម​ជនសង្ស័យ​នេះ​ត្រូវបាន​ចាប់ខ្លួន នៅ​ទីក្រុង​ឡា​មី​តាន់ (Lamitan) នៅ​កោះ​មិន​ដា​ណាវ កាលពី​ថ្ងៃទី​១៧​ខែកក្កដា​។​

​ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ បាន​ចូលរួម​ក្នុង​សកម្មភាព​ចាប់​និង​ប្លន់​នាវា​ដឹកទំនិញ​វៀតណាម M/V Royal 16 កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ហើយ​បាន​ចាប់ពង្រត់​ក្រុម​សមាជិក​នាវិក​វៀតណាម​ចំនួន​៦​នាក់​។​

​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ហ័ង វ៉ូ ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ បាន​រត់គេចខ្លួន​រួច កាលពី​ថ្ងៃទី​២២​ខែមិថុនា ខណៈដែល​ជនរងគ្រោះ​២​នាក់​ផ្សេងទៀត គឺ​ម្នាក់​ឈ្មោះ ហ័ង ត្រាំ​ង ថុង និង ម្នាក់ទៀត​ឈ្មោះ ហ័ង វ៉ាន់ ហៃ ត្រូវបាន​សម្លាប់​កាត់​ក្បាល ដោយ​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​នៅ​ខេត្ត​បា​ស៊ី​ឡាន់ កាលពី​ថ្ងៃទី​៥​ខែកក្កដា​។​

​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​អ៊ីស្លាម​និយម​នេះ គឺ​ល្បី​ខាង​ចាប់ពង្រត់​និង​សម្លាប់​កាត់​ក្បាល​ចំណាប់ខ្មាំង​របស់ខ្លួន​បើសិន​ប្រាក់​លោះ​មិនត្រូវ​បាន​បង់​ឱ្យ​នោះទេ​។​

​ក្រសួងការបរទេស​វៀ​ត​ណា​ម បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការសម្លាប់​ដោយ​ក្រុម​ភេរវកម្ម​នេះ និង​បាន​សម្តែង​ការចួលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងនោះ​៕ ដោយ៖ សុខា

​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ

ទីតាំងផ្សាយពាណិជ្ជកម្ម