ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យវិសមភាពប្រាក់ចំណូលរបស់ឥណ្ឌាឈានដល់ចំណុចកំពូលដ៏គួរឱ្យឈឺចាប់។
ទោះបីឥណ្ឌាបានរាយការណ៍ពីការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិជ្ជាគីឡូធ្ងន់ៗនិងមហាសេដ្ឋីមានជាងមុន ៣៥ ភាគរយក៏ដោយក៏ប៉ុន្តែប្រជាជនឥណ្ឌារាប់លាននាក់កំពុងបោះបង់ចោលការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យ ដោយទទួលទានអាហារបានតិចតួចនិងជាប់បំណុលដោះមិនរួច។
មហាសេដ្ឋីម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍និងជាម្ចាស់ក្រុមហ៊ុនលក់រាយរបស់ឥណ្ឌា លោក មូកេស អាមបានី បានបន្ថែមទ្រព្យសម្បត្តិសុទ្ធ ៤៨ពាន់លានដុល្លារអាម៉េរិកទៅក្នុងទ្រព្យសម្បត្តិសរុបរបស់គាត់កាលពីឆ្នាំមុន ខណៈប្រទេសឥណ្ឌាឃើញការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបលើកដំបូងរបស់ខ្លួនក្នុងរយៈពេលបួនទសវត្សរ៍។ អ្នកមានបំផុតនៅអាស៊ីនិងជាម្ចាស់ក្រុមហ៊ុន Reliance Industries រូបនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Facebook និង Google កាលពីត្រីមាសខែមេសា-មិថុនា។ នៅគ្រាដូចគ្នានេះដែរសេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះ ២៣,៩ ភាគរយ។
ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសបានកើនឡើងដល់ ១៤០ នាក់ពីចំនួន ១០២ នាក់ ដោយទ្រព្យសម្បត្តិរួមរបស់ពួកគេបានកើនឡើងជិតទ្វេដង គឺ ៥៩៦ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ប្រជាជនឥណ្ឌាចំនួន ៧៥ លាននាក់ទៀតបានធ្លាក់ចូលក្នុងភាពក្រីក្រ ដែលស្មើនឹង ៦០ ភាគរយនៃកំណើនភាពក្រីក្រនៅទូទាំងពិភពលោក។
សេដ្ឋកិច្ចបានបន្តប្រឈមមុខនឹងភាពច្របូកច្របល់ ដោយធ្លាក់ចុះ ៧,៣ ភាគរយកាលពីឆ្នាំមុន។ ប៉ុន្តែទីផ្សារភាគហ៊ុនមានសន្ទុះកើនឡើង។ បន្ទាប់ពីការធ្លាក់ចុះពីគ្រាដំបូង ឥឡូវវាបានងើបឡើងវិញនិងកើនឡើងរហូតដល់ ៧៥ ភាគរយធៀបនឹងឆ្នាំមុន។
ចាប់តាំងពីទសវត្សរ៍ទី៩០មក ចំនួនអ្នកក្រនៅឥណ្ឌាបានធ្លាក់ចុះពាក់កណ្តាល ប៉ុន្តែប្រាក់ចំណូលរបស់អ្នកមានបានកើនឡើងលឿនជាងអ្នកក្រ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅចន្លោះឆ្នាំ ១៩៩៨ និង ២០១៩ បានកើនឡើង ៨,៥ ដង ប៉ុន្តែប្រាក់ឈ្នួលនៅតាមជនបទបានកើនឡើងត្រឹមតែ ៥,៤ ដងប៉ុណ្ណោះ។ អ្នកមានលំដាប់កំពូលចំនួន ១ ភាគរយ រកប្រាក់ចំណេញបាន ២១ ភាគរយនៃប្រាក់ចំណូលរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៩ ។
ការសិក្សានៅខែមករាឆ្នាំ ២០២០ ដោយអង្គការសិទ្ធិមនុស្ស Oxfam International បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរបស់ឥណ្ឌាគឺធំជាងពេលណាៗទាំងអស់ ពោលគឺអ្នកមានបំផុត ១ ភាគរយបានកាន់កាប់ទ្រព្យសម្បត្តិជាង ៤ ដងនៃទ្រព្យសម្បត្តិរបស់ប្រជាជន ៩៥៣ លាននាក់ ដែលស្មើនឹង ៧០ ភាគរយនៃប្រជាជនសរុប។តួលេខនេះគឺវ៉ាដាច់វិសមភាពនៅសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស។
នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា “មេរោគវិសមភាព” សេដ្ឋវិទូចំនួន ២៩៥ នាក់មកពី ៧៩ប្រទេសបានសន្និដ្ឋានថាជំងឺរាតត្បាតនឹងបង្កើនវិសមភាពនៅស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងពេលតែមួយ ដែលរឿងនេះកើតឡើងជាលើកដំបូងក្នុងរយៈពេលមួយសតវត្សរ៍។
លោក ចាយ៉ាទី ហ្គោស ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Massachusetts Amherst បាននិយាយថា ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចឥណ្ឌាជំងឺរាតត្បាតបានពង្រឹងវិសមភាពកាន់តែខ្លាំងឡើង។
ការបាត់បង់ការងារនិងការកាត់បន្ថយប្រាក់ឈ្នួលឥឡូវនេះកំពុងរីករាលដាលដូចទឹកបាក់ទំនប់នៅក្នុងប្រទេសឥណ្ឌា។ យោងតាមមជ្ឈមណ្ឌលសម្រាប់ត្រួតពិនិត្យសេដ្ឋកិច្ចឥណ្ឌា (CMIE) បានឱ្យដឹងថា ភាពអត់ការងារធ្វើបានកើនឡើង ១៣ ភាគរយនៅក្នុងខែមិថុនា គឺកើនឡើងពី ១០ ភាគរយកាលពីខែធ្នូ។
របាយការណ៍មួយដោយមជ្ឈមណ្ឌលការងារប្រកបដោយនិរន្តរភាពនៃសាកលវិទ្យាល័យ Azim Premji នៅទីក្រុងបាងហ្គាឡ័រ បានរកឃើញថា ប្រាក់ចំណូលប្រចាំខែបានធ្លាក់ចុះជាមធ្យម ១៧ ភាគរយក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ ដោយបុគ្គលិកចេញរកស៊ីខ្លួនឯងនិងបុគ្គលិកដែលមានប្រាក់ខែក្រៅផ្លូវការ ទទួលរងនូវការខាតបង់ធំបំផុត។
ឧទាហរណ៍ជាក់ស្តែង លោកស្រីគ្រីស្នា ម៉ារីហ្គូវដា បានបាត់បង់ការងារជាប្រតិបត្តិករទូរស័ព្ទនៅទីក្រុងបាងហ្គាឡ័របន្ទាប់ពីនិយោជកម្ចាស់ក្រុមហ៊ុនថ្មីថ្មោងរបស់គាត់បានរើទីតាំងទៅសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ប្តីជាសន្តិសុខរបស់លោកស្រីត្រូវគេកាត់ប្រាក់ឈ្នួលពាក់កណ្តាល។
ការស្ទាបស្ទង់របស់សាកលវិទ្យាល័យ Azim Premji បានរកឃើញថា គ្រួសារដូចជាលោកស្រីបានប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ដោយត្រូវបន្ថយការទទួលទានអាហារលក់ទ្រព្យសម្បត្តិ និង ខ្ចីប្រាក់ក្រៅផ្លូវការពីមិត្តភក្តិ សាច់ញាតិ និង អ្នកចងការប្រាក់។
លោកស្រីម៉ារីហ្គូវដាបាននិយាយថាបន្ទាប់ពីនឹងធឹងក្នុងចិត្ត ៥ ឆ្នាំ “កង្វល់នៃភាពក្រីក្រ”បានត្រឡប់មកវិញ។កូនប្រុសរបស់លោកស្រីបានឈប់រៀននៅមហាវិទ្យាល័យដើម្បីធ្វើការនៅស្ថានីយប្រេងឥន្ធនៈហើយពួកគេបានលក់ម៉ូតូបាត់ហើយ។ នៅពេលម្តាយរបស់គាត់ផ្ទុកមេរោគកូវីដ១៩កាលពីខែមុនលោកស្រីម៉ារីហ្គូវដាបានយកប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ពីអ្នកចងការប្រាក់ដើម្បីបង់ថ្លៃព្យាបាលរបស់ម្តាយ៕
ក្មេងៗមកពីគ្រួសារក្រីក្រទទួលជំនួយអាហារពីអង្គការមួយនៅជាយក្រុងស៊ីលីហ្គូរី កាលពីថ្ងៃទី២៣កក្កដា២០២១