ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ សហការី ជាច្រើនរូប បានចុះទៅពិនិត្យ និងសួរសុខទុក្ខ អំពីស្ថានភាពរស់នៅរបស់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តនេះ ចំនួន ១២ រូប កំពុងធ្វើចត្តាឡីស័ក នៅក្នុងអគារ ដាច់ដោយឡែកមួយ នៅព្រឹកថ្ងៃទី ៦ សីហា នេះ ។
លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ពីខាងក្រៅខ្សែហាមឃាត់ ទៅកាន់មន្ត្រីកំពុងធ្វើចត្តាឡីស័ក ខាងក្នុងខ្សែហាមឃាត់ថាៈ សូមមន្ត្រីម្នាក់ៗ ចាំបាច់ត្រូវបង្កើន ការប្រុងប្រយ័ត្នខ្ពស់ បន្ថែមទៀត គឺការពារខ្លួន ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ ១៩ ពិសេសក្នុងដំណាក់កាល ធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានរបស់សុខាភិបាល និងវិធានការ «បីការពារ បីកុំ និងពីរ ចូលរួម»។
លោកបានបន្តថាៈ លើសពីនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (DELTA) បាននិងកំពុងឆ្លងរាតត្បាត គួរឱ្យបារម្ភ និងជាបញ្ហាប្រឈម សម្រាប់ប្រទេសកម្ពុជា ទាំងនៅក្នុងគ្រួសារ និងសហគមន៍ទាំងមូល។
នៅក្នុងដំណើរចុះពិនិត្យ និងសួរសុខទុក្ខលោក អ៊ុន ចាន់ដា បានប្រគល់ជូនដល់ មន្ត្រីកំពុងធ្វើចត្តាឡីស័ក ចំនួន ១២ នាក់ មានៈ សម្រាប់បុគ្គលម្នាក់ ទទួលបាន អង្ករ ២៥ គីឡូក្រាម និងមី មួយ កេស។ សម្រាប់មន្ទីរ ទឹកសុទ្ធ ១០ កេស,ជែលមួយកេស និងម៉ាស់ ១.០០០ ម៉ាស់។
គួររំលឹកថា បច្ចុប្បន្ន ខេត្តកំពង់ចាម មានមន្ត្រីរាជការ ជាបុគ្គលិក ថ្នាក់ដឹកនាំសរុប ចំនួន ៨១ នាក់ តាមបណ្តាមន្ទីរ ចំនួន បួន គឺមន្ទីរផែនការ, មន្ទីរទេសចរណ៍, មន្ទីរពាណិជ្ជកម្ម និងមន្ទីរព័ត៌មាន ត្រូវបានដាក់ឱ្យធ្វើ ចត្តាឡីស័ក នៅតាមមន្ទីររៀងៗ បន្ទាប់ពីពួកគាត់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ ១៩ ៕/V