​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នា​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ អនុគណៈកម្មការ​បូជា​សព នៃ​គណៈកម្មការ ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ខេត្តបន្ទាយមានជ័យ បាន​ជូន​ដំណើរ​សព​ទី​១០០ នៃ​អ្នកជំងឺ​កូ​វីដ ១៩ នៅ​ខេត្តបន្ទាយមានជ័យ ក្នុងនោះ មាន​ជនជាតិខ្មែរ​ម្នាក់ ជនជាតិ​ថៃ​ម្នាក់​។​

​នេះ​បើតាម​អ្នកស្រី ឱក សុភា សមាជិក​អនុគណៈកម្មការ​បូជាសព នៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ខេត្តបន្ទាយមានជ័យ បានអោយដឹង នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ គឺ​នៅ​ថ្ងៃ​ត្រង់នេះ បាន​បូជាសព ២ នាក់ ក្នុងនោះ មាន​សព​ជនជាតិខ្មែរ​ម្នាក់ ជនជាតិ​ថៃ​ម្នាក់ ។ ក្នុង​សព ១០០ នាក់ មាន​ស្រី ៥៤ នាក់ ។​

​អ្នកស្រី បាន​បន្តថាៈ អំពី​សព គឺមាន​ចម្រុះ​សមាសភាព ភេទ អាយុ និង វ័យ មុខរបរ អាជីព ។ ក្នុងនោះ មាន​ទាំង​អ្នកជំងឺ​កូ​វីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ និង​មកពី​ក្រៅប្រទេស​។ ហើយ​មាន​ទាំង​អ្នក​មិនទាន់ ចាក់​វ៉ាក់សាំង ទាំង​អ្នក​បាន​ចាក់​វ៉ាក់សាំង តែ​សុខភាព​ទ្រុឌទ្រោម ឬ មាន​ជំងឺ​ប្រចាំកាយ​។ មាន​ទាំង​អ្នកជំងឺ ដែល​នៅ​មណ្ឌល​ព្យាបាល , មន្ទីរពេទ្យ និង​អ្នករស់នៅ​តាម​ផ្ទះ និង​ក៏មាន​ទាំង​អ្នក ដែល​មិនដឹងថា បាន​ឆ្លង​កូ​វីដ ១៩ ពី​អ្នកណា ពី​ពេលណា ប៉ុន្តែ​ដល់ពេល​ស្លាប់ គ្រូពេទ្យ​ជួរមុខ យក​សំណាក ទើប​ដឹងថា វិជ្ជមាន​កូ​វីដ​១៩ ដែរ ។​

​លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​អនុគណៈកម្មការ​បូជាសព បានអោយដឹង​ដែរ ថាៈ មកទល់ពេលនេះ នៅ​ទីកន្លែង​ជូន​ដំណើរ ចុងក្រោយ​សព អ្នកជំងឺ​កូ​វីដ ១៩ ខេត្តបន្ទាយមានជ័យ នា​ភ្នំ​បាក់ ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ បាន​នឹង​កំពុង​បន្ត​កែលម្អ​សោភ័ណភាព និង​អភិវឌ្ឍន៍ ដូចជា ផ្លូវ ភ្លើង ភ្លើង​បំភ្លឺ ទឹក ទីលាន​ចំណត​យាន​ក្រុមការងារ ចំណត​យានយន្ត​គ្រួសារ​សព ផ្លូវ​គ្រសារ​សព រោង​តម្កល់​ព្រះ​ពុទ្ធរូប និង​កន្លែង​បង្សុកូល ឧទ្ទិស ឈាបនដ្ឋាន (​ប៉ាឆា​) ទីប​ញ្ចុះ ស្តូប និង​បុស្បុក​ព្រះអង្គ​គោកធ្លក និង​បញ្ជរ តាំង​រាយ​ឈ្មោះ និង​រូបថត​សព និង​ទី​ទុក​ធ្វើ​ពិធី​ឧទ្ទិស រំលឹក​ជូន​ដួង​វិញ្ញាណក្ខន្ធ​សព​ជាដើម ៕/V​