ដោយៈប.ខុន / ភ្នំពេញៈ ទឹកទន្លេ នៅគ្រប់ស្ថានីយជលសាស្ត្រ បន្តស្រកចុះជាលំដាប់ មួយរយៈទៀត ដោយសារនៅតំបន់ អាងទន្លេមេគង្គលើ មិនមានភ្លៀងធ្លាក់ បន្ទាប់ពីព្យុះ ចំនួនបី បានកើតមានបន្តគ្នា តែភ្លៀងនឹងត្រឡប់មកវិញ ពេលព្យុះរលាយអស់។
លោក ម៉ៅ ហាក់ មន្ត្រីជំនាញជលសាស្ត្រ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ថាៈ ទឹកទន្លេ នៅគ្រប់ស្ថានី យជលសាស្ត្រ បន្តស្រកចុះជាលំដាប់ ច្រើនថ្ងៃទៀត តែការស្រកនេះ មិនខ្លាំងទេ ហើយវានឹងងើបឡើងមកវិញ ក្រោយពីព្យុះទាំងបី រលាយទៅវិញអស់។
មន្ត្រីខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកទន្លេមេគង្គលើ ស្រកចុះច្រើន តែនៅទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ស្រកចុះតិចតួច។ ឯទឹកបឹងទន្លេសាប បន្តងើបឡើងជាលំដាប់ ។ នៅតំបន់អាងទន្លេមេគង្គលើ ប៉ុន្មានថ្ងៃមកនេះ ពុំមានភ្លៀងធ្លាក់សោះ ដោយសារព្យុះស្រូបខ្លាំង។
តាមព្រឹត្តិប័ត្រព័ត៍មាន និងព្យាករណ៍កម្ពស់ទឹក ដែលចេញដោយ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែសីហា បង្ហាញឱ្យឃើញថាៈ នៅខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ៦,៣០ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,២៣ ម៉ែត្រ , នៅខេត្តក្រចេះ ទឹកមានកម្ពស់ ១៥,០៦ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,៣៥ ម៉ែត្រ , នៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ៩,២៧ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,៣០ ម៉ែត្រ , នៅរាជធានីភ្នំពេញ ទឹកមានកម្ពស់ ៥,៣៥ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,១៣ ម៉ែត្រ , នៅអ្នកលឿង ទឹកមានកម្ពស់ ៣,៦៨ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,១៣ ម៉ែត្រ , នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៤,៣៨ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,១៣ ម៉ែត្រ , នៅទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ៤,៣៨ ម៉ែត្រ ទាបជាងថ្ងៃទី៥ ខែសីហា ០,១០ ម៉ែត្រ , នៅបឹងទន្លេសាប កំពង់លួង ទឹកមានកម្ពស់ ២,៤៣ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៥ ខែសីហា ០,០៨ ម៉ែត្រ។
តាមព្រឹត្តិបត្រព័ត៌ដដែល សម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅខេត្តស្ទឹងត្រែង ទឹកអាចស្រក មកនៅកម្ពស់ ៥,៧៥ ម៉ែត្រ , នៅខេត្តក្រចេះ ទឹកអាចស្រកមក នៅកម្ពស់ ១៤,២៤ ម៉ែត្រ , នៅខេត្តកំពង់ចាម ទឹកអាចស្រក មកនៅ កម្ពស់ ៨,៥៧ ម៉ែត្រ , នៅរាជធានីភ្នំពេញ ទឹកអាចស្រកមកនៅកម្ពស់ ៥,០០ ម៉ែត្រ៕/V