​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ បន្ត​ស្រក​ចុះ​ជា​លំដាប់ មួយរយៈ​ទៀត ដោយសារ​នៅ​តំបន់ អាង​ទន្លេមេគង្គ​លើ មិនមាន​ភ្លៀង​ធ្លាក់ បន្ទាប់ពី​ព្យុះ ចំនួន​បី បានកើត​មាន​បន្ត​គ្នា តែ​ភ្លៀង​នឹង​ត្រឡប់មកវិញ ពេល​ព្យុះ​រលាយ​អស់​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ថាៈ ទឹកទន្លេ នៅ​គ្រប់​ស្ថា​នី យ​ជលសា​ស្ត្រ បន្ត​ស្រក​ចុះ​ជា​លំដាប់ ច្រើន​ថ្ងៃ​ទៀត តែ​ការ​ស្រក​នេះ មិន​ខ្លាំង​ទេ ហើយ​វា​នឹង​ងើបឡើង​មកវិញ ក្រោយពី​ព្យុះ​ទាំងបី រលាយ​ទៅវិញ​អស់​។​

​មន្ត្រី​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកទន្លេ​មេគង្គ​លើ ស្រក​ចុះ​ច្រើន តែ​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ស្រក​ចុះ​តិចតួច​។ ឯ​ទឹក​បឹង​ទន្លេសាប បន្ត​ងើប​ឡើងជា​លំដាប់ ។ នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ប៉ុន្មាន​ថ្ងៃ​មកនេះ ពុំមាន​ភ្លៀង​ធ្លា​ក់សោះ ដោយសារ​ព្យុះ​ស្រូប​ខ្លាំង​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញ​ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៦ ខែសីហា បង្ហាញឱ្យឃើញថាៈ នៅ​ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៦,៣០ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,២៣ ម៉ែត្រ , នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៥,០៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,៣៥ ម៉ែត្រ , នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ៩,២៧ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,៣០ ម៉ែត្រ , នៅ​រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៥,៣៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,១៣ ម៉ែត្រ , នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៣,៦៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,១៣ ម៉ែត្រ , នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៤,៣៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,១៣ ម៉ែត្រ , នៅ​ទន្លេសាប​ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៤,៣៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​៥ ខែសីហា ០,១០ ម៉ែត្រ , នៅ​បឹង​ទន្លេសាប កំពង់​លួង ទឹក​មាន​កម្ពស់ ២,៤៣ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី ៥ ខែសីហា ០,០៨ ម៉ែត្រ​។​

​តាម​ព្រឹត្តិបត្រ​ព័​ត៌​ដដែល សម្រាប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ នៅ​ខេត្តស្ទឹងត្រែង ទឹក​អាច​ស្រក មក​នៅ​កម្ពស់ ៥,៧៥ ម៉ែត្រ , នៅ​ខេត្តក្រចេះ ទឹក​អាច​ស្រ​កមក នៅ​កម្ពស់ ១៤,២៤ ម៉ែត្រ , នៅ​ខេត្តកំពង់ចាម ទឹក​អាច​ស្រក មក​នៅ កម្ពស់ ៨,៥៧ ម៉ែត្រ , នៅ​រាជធានី​ភ្នំពេញ ទឹក​អាច​ស្រក​មក​នៅ​កម្ពស់ ៥,០០ ម៉ែត្រ​៕/V​