ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កីឡាករ លីអូនែល ម៉េសស៊ី នឹងបញ្ចប់អាជីពរយៈពេល ២០ ឆ្នាំរបស់គាត់ជាមួយក្រុមអ្នកមានបុណ្យ Barcelonaបន្ទាប់ពីកំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះនិងក្រុមយក្សអេស្ប៉ាញនេះមិនអាចជម្នះលើ “ឧបសគ្គផ្នែកសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធ” ដើម្បីមានកិច្ចព្រមព្រៀងថ្មី។ នេះជាដំណឹងដ៏កក្រើកមួយដែលច្បាស់ជាបង្កឱ្យមានការប្រជែងគ្នាដណ្តើមយកម៉េសស៊ី ដែលគេចាត់ទុកថាជាកីឡាករអស្ចារ្យបំផុតមួយរូបនៅលើពិភពលោក។
សេចក្តីថ្លែងការណ៍ពីក្លិបបាននិយាយថា “ទោះបីជាកិច្ចព្រមព្រៀងត្រូវបានសម្រេចរវាង FC Barcelonaនិង លីអូ ម៉េសស៊ី ក៏ដោយ ក៏វាមិនអាចសម្រេចជាផ្លូវការបាននោះឡើយដោយសារតែឧបសគ្គខាងសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធ”។
“ប្រឈមមុខនឹងស្ថានភាពបែបនេះ លីអូនែល ម៉េសស៊ី នឹងមិនស្នាក់នៅ Barcelona ទេ។ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំងដែលបំណងប្រាថ្នារបស់កីឡាករនិងក្លឹបមិនអាចក្លាយជាការពិត”។
“ក្លិប FC Barcelona សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាកររូបនេះចំពោះការរួមចំណែករបស់គាត់ចំពោះការធ្វើឱ្យក្លិបកាន់មានកិត្យានុភាពខ្លាំងឡើងហើយសូមជូនពរឱ្យគាត់ជួបតែរឿងល្អបំផុតសម្រាប់អនាគតក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់គាត់”។
ម៉េសស៊ីអាយុ៣៤ឆ្នាំដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំមួយសម័យ ទីបំផុតបានឈ្នះពានរង្វាន់អន្តរជាតិធំមួយជាមួយអាហ្សង់ទីនកាលពីខែមុន នៅពេលពួកគេផ្តួលប្រេស៊ីលដើម្បីលើកពានរង្វាន់ Copa America ៕
ម៉េសស៊ីនឹងមិនបន្តស្នាក់នៅ Barcelona ទៀតនោះទេ