ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល)៖ស្ត្រីជនជាតិស្វីសម្នាក់ត្រូវគេរំលោភសម្លាប់នៅប្រទេសថៃបន្ទាប់ពីធ្វើដំណើរទៅប្រទេសនេះតែម្នាក់ឯងក្រោមគម្រោងទេសចរណ៍ថ្មីក្រោយជំនាន់បិទខ្ទប់នៅកោះភូកេត។
ស្ត្រីវ័យ ៥៧ ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញដេកផ្កាប់មុខនៅក្នុងថ្លុកទឹកលើផ្ទាំងថ្មនៅខាងក្រោមទឹកធ្លាក់មួយ ដោយមានក្រណាត់ខ្មៅគ្របពីលើសពកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥សីហា។
ខោខូវប៊យខ្លី ខោទ្រនាប់ ស្បែកជើងមួយគូ និងទូរស័ព្ទមួយគ្រឿង ត្រូវបានរកឃើញនៅមិនឆ្ងាយពីសាកសពរបស់ស្ត្រីនេះនៅកន្លែងអភិរក្សធម្មជាតិក្នុងតំបន់វីចិតនៃកោះភូកេត។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះ ដែលមិនបញ្ចេញឈ្មោះនេះ បានស្លាប់ប្រហែលបីថ្ងៃមកហើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ត្រីនេះត្រូវគេរំលោភសម្លាប់។
មន្ត្រីអន្តោប្រវេសន៍បានបញ្ជាក់ថា ស្ត្រីជនជាតិស្វីសរូបនេះបានមកដល់អាកាសយានដ្ឋានភូកេតពីប្រទេសសិង្ហបុរីនៅថ្ងៃទី ១៣ ខែកក្កដាក្រោមគម្រោងប្រអប់ខ្សាច់ភូកេតដែលបានចាប់ផ្តើមកាលពីខែមុន។
គម្រោងបើកទេសចរណ៍ឡើងវិញនេះអនុញ្ញាតឱ្យជនបរទេសដែលចាក់វ៉ាក់សាំងរួច ធ្វើដំណើរមកភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កដូចនៅតំបន់ផ្សេងទៀតនៃប្រទេស។
បន្ទាប់ពីស្នាក់នៅភូកេតបាន ១៤ ថ្ងៃ ជនបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្ងាយថែមទៀតនៅក្នុងប្រទេសថៃ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ស្ត្រីរូបនេះបានស្នាក់នៅសណ្ឋាគារ Dusit Thani Laguna ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែកក្កដាមុនពេលរើទៅស្នាក់នៅសណ្ឋាគារ The Mooring Resort Hotel ស្ថិតនៅចម្ងាយប្រហែល ២៤ គីឡូម៉ែត្រនៅភាគខាងត្បូង ។
សាក្សីម្នាក់បានប្រាប់ប៉ូលិសថាគាត់បានឃើញស្ត្រីនេះចាកចេញពីសណ្ឋាគារហើយដើរឆ្ពោះទៅឆ្នេរនៅម៉ោងប្រហែល ២ រសៀលថ្ងៃអង្គារ។
អ្នកភូមិក្នុងតំបន់ម្នាក់បានជូនដំណឹងដល់ប៉ូលិសបន្ទាប់ពីឃើញសពស្ត្រីនោះនៅម៉ោងប្រហែល ១ និង ៣០ នាទីរសៀលថ្ងៃព្រហស្បតិ៍។
ស្ត្រីរូបនេះធ្លាប់មកលេងភូកេតក្នុងឆ្នាំ ២០១៩ ។
សាកសពរបស់គាត់ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យវិជ្ជរ៉ាភូកេត៕
អ្នកស៊ើបអង្កេតនិងប៉ូលិសកំពុងពិនិត្យកន្លែងកើតហេតុ ។ក្រោយការស្លាប់របស់នាង មន្ត្រីថៃបង្កើនសន្តិសុខនៅកោះកម្សាន្តភូកេត