ដោយៈ បូកគោ/កំពតៈ ដើម្បីឱ្យគម្រោងកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធសេវាកម្មទេសចរណ៍តាមឆ្នេរព្រែកកំពង់កណ្តាលស្ថិតក្នុងឃុំជុំក្រៀល ស្រុកទឹកឈូទទួលបានជោគជ័យ គ្រប់ផ្នែកពាក់ព័ន្ធត្រូវចូលរួមពិភាក្សាផ្តល់យោបល់ រួចកែតម្រូវតាមភាពជាក់ស្តែងមុននឹងស្នើសុំការសម្រេចពីថ្នាក់ជាតិ។ នេះជាការដាស់តឿរបស់អភិបាលខេត្តកំពតក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា គ្រប់ផ្នែកពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដីត្រូវជំរុញដំណើរការអភិវឌ្ឍតំបន់ទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលឱ្យបានឆាប់រហ័ស។ គម្រោងសម្រាប់ការអភិវឌ្ឍសេវាកម្មទេសចរណ៍ក្នុងភូមិសាស្ត្រនោះកើតមានយូរឆ្នាំមកហើយ។ យ៉ាងណា លទ្ធផលក្រោយការរៀបចំរួចរាល់ចាំបាច់ត្រូវតែប្រកបដោយសោភ័ណភាព និងស្របតាមលក្ខណៈបច្ចេកទេសដែលអាចទទួលយកបាន។
លោកអភិបាលខេត្តបានបន្តថា ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះបានសម្រេចជោគជ័យ គ្រប់ផ្នែកពាក់ព័ន្ធត្រូវចូលរួមពិភាក្សាផ្តល់យោបល់ រួចសិក្សាកែតម្រូវតាមភាពជាក់ស្តែងមុននឹងស្នើសុំការគោលការណ៍ពីស្ថាប័នថ្នាក់ជាតិ។ ដូច្នេះ មន្ត្រីជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អដើម្បីជាសក្ដានុពលបម្រើដល់សេវាកម្មទេសចរណ៍ខេត្តកំពតកាន់តែប្រសើរឡើងថែមទៀត៕