អ្នកនាំពាក្យ​: “​ស្លាប់​៥០​នាក់ របួស​៣៦​នាក់ និង​ងាប់​គោក្របី ៥២​ក្បាល ដោយ​គ្រោះធម្មជាតិ​រន្ទះបាញ់​”

1924
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រន្ទះបាញ់​បានសម្លាប់​មនុស្ស​ចំនួន ៥០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១១​នាក់ បង្ក​របួស​ចំនួន​៣៦​នាក់ និង​បានសម្លាប់​គោ ក្របី អស់​ចំនួន ៥២​ក្បាល ដែល​តួលេខ​នេះ គិត​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​។​

​អ្នកនាំពាក្យ​ដដែល បាន​បញ្ជាក់ថា “​គិត​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា រន្ទះបាញ់​មាន​អ្នកស្លាប់​ចំនួន​៥០​នាក់ ក្នុង​នឹង​ស្រី​១១​នាក់ និង​របួស​ចំនួន​៣៦​នាក់ ងាប់​គោ ក្របី ៥២​ក្បាល ខូច​ផ្ទះ​១១​ខ្នង ក្នុង​នឹង​៣​ខ្នង​ឆេះ​ខូច​ទាំងស្រុង​”​។ លោក​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​រងគ្រោះ​ស្លាប់ និង​របួស ដោយសារ​រន្ទះបាញ់ មានដូចជា នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី តាកែវ កំពង់ឆ្នាំង កោះកុង ព្រះវិហារ កំពង់ធំ ព្រៃវែង ស្វាយរៀង បន្ទាយ​មាន​ជ័យ កំពង់ស្ពឺ បាត់ដំបង កំពត ពោធិសាត់ និង​ខេត្តសៀមរាប​។​

​ជាមួយគ្នានេះ លោក កែវ វី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅពេល​មាន​ភ្លៀង​កុំ​ធ្វើការ​នៅ​ទីវាល ឬ​ផ្ទៃ​ទឹក ត្រូវ​រួ​រាន់​ទៅផ្ទះ កុំ​ប្រើប្រាស់​វត្ថុ​មាន​ជាតិ​ដែក ត្រូវ​បិទ​ទូរស័ព្ទ ទូរទស្សន៍​…​។​

​សូមជម្រាបថា រន្ទះបាញ់​ចុងក្រោយ កាលពី​ថ្ងៃទី​១៧ ខែឧសភា រន្ទះបាញ់​បានសម្លាប់​មនុស្ស​៥​នាក់ និង​ឆ្កែ​ចំនួន​៣​ក្បាល នៅ​ចំណុច​អូរ​ទា​ពង ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ស្រ​ឡាយ ស្រុក​ថ្មបាំង​ខេត្តកោះកុង​។ នៅ​ថ្ងៃទី​១៦​និង​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ រន្ទះបាញ់​បានសម្លាប់​សត្វ​គោ​ចំនួន​២០​ក្បាល​។ ចំណែក​នៅក្នុង​ស្រុក​អង្គរជ័យ និង​ស្រុក​ជុំ​គី​រី ខេត្តកំពត រន្ទះបាញ់​បានសម្លាប់​ស្ត្រី​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​៕ ល​