ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ-១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា ។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក ។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលកន្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ» ។
ទន្ទឹមនឹងការថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សម្ដេចក្រឡាហោមក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសពកងកម្លាំងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រុមគ្រួសារសពមន្ត្រីរាជការស៊ីវិលដែលទទួលមរណភាពដោយសារជំងឺឆ្លងនេះ។
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៨០.៨១៣នាក់ អ្នកជាសះស្បើយសរុប ៧៤.០៤៥នាក់ និងអ្នកស្លាប់សរុប ១.៥២៦នាក់។ សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រកឃើញករណីឆ្លងថ្មី ៥៨៨នាក់ ករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៥នាក់ ជាសះស្បើយ ៦២៤នាក់ និងស្លាប់ថ្មី ១៩នាក់៕