ដោយៈ គង់ហេង/ កំពង់ចាមៈ លោកតាម្នាក់អាយុ ១០០ ឆ្នាំ និងម្នាក់ទៀតអាយុ ១០៣ ឆ្នាំនៅស្រុកស្រីសន្ធរបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានទទួលរង្វាន់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៥ សីហា កន្លងទៅនេះ។
ប្រភពព័ត៌មានពីមន្ត្រីខេត្តកំពង់ចាមបានឱ្យដឹងថា លោកតាទាំងពីររូបដែលបានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងនេះ គឺលោកតាវ័យ ១០៣ឆ្នាំឈ្មោះ នន អែម រស់នៅភូមិតាម៉ុល ឃុំព្រែករំដេង ស្រុកស្រីសន្ធរ និងលោកតាមួយរូបទៀតវ័យ ១០០ ឆ្នាំឈ្មោះ ហែម ម៉ៅ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។
ប្រភពនោះបានបន្តថា លោកតាទាំងពីររូបបានអញ្ជើញចូលរួមចាក់វ៉ាក់សាំងដូសទី១ រួចហើយ ដូច្នេះសម្តេចតេជោបានផ្តល់អំណោយជូនលោកតាទាំងពីរ ដែលមានស្មារតីខ្ពស់ចូលរួមចាក់វ៉ាក់សាំង ការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។ ក្នុងនោះមួយរូបៗទទួលបាន ថវិកាចំនួន បីលាន រៀល, មីចំនួន ១០កេស, ត្រីខមួយកេស, ទឹកសុទ្ធ ពីរកេស, អង្ករ បួន បេ, ទឹកត្រី ពីរ យួរ និងប្រេងឆា ពីរ ដប។
សូមរំលឹកថា មកដល់ពេលនេះស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមានបុរសវ័យ ១០០ ឆ្នាំឡើងចំនួន បី រូបហើយដែលបានអញ្ជើញស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ និងបានទទួលរង្វាន់លើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕