ដោយៈ សុផានីតា / កោះកុង៖ បុរសអ្នកបើកបរម្នាក់ ស្ទើរផុតជីវិតទៅហើយ កុំតែបានសមត្ថកិច្ច មកដល់ទាន់ ពេលវេលា ករណីអ្នកបើកបរម្នាក់នោះ ត្រូវគៀបជាប់ ក្នុងរថយន្តរបស់ខ្លួន ក្នុងហេតុការណ៍ដ៏រន្ធត់មួយ ត្រង់ចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នៅរសៀលថ្ងៃទី៦ សីហា ២០២១ នេះ។
សមត្ថកិច្ចស្រុកបុទុមសាគរ បានញាប់ដៃញាប់ជើង ដឹកអ្នករងគ្រោះ ទៅមណ្ឌលព្យាបាលជាបន្ទាន់។ សមត្ថកិច្ច ស្រុកបុទុមសាគរ បានអះអាងថា ក្រោយពីសង្គ្រោះហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ ឃើញថា មានមនុស្ស ទាំងពីរនាក់ បានឆ្លងផុត ពីគ្រោះថ្នាក់ ដល់អាយុជីវិត ខណៈម្នាក់រងរបួស យ៉ាងធ្ងន់ធ្ងរនិង ម្នាក់ទៀតរបួសស្រាល។
សមត្ថកិច្ចស្រុកបុទុមសាគរ បញ្ជាក់បន្ថែមថាៈ ករណីនេះ បង្ករឡើងដោយខ្លួនឯង ពេលរថយន្តនេះ ចុះចំណោត ហើយដាច់ហ្វ្រាំង ក្រឡាប់លើថ្នល់តែម្តង បណ្តាលមនុស្សចំនួន ២ នាក់ ម្នាក់ជាអ្នកបើកបរ ជាជនជាតិខ្មែរ ឈ្មោះ ផុន ភក្ត្រា អាយុ២៩ ឆ្នាំ ជាអ្នកស្រុកឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងព្រូឡានម្នាក់ទៀត ឈ្មោះ នេត សាវ៉ន់ អាយុ១៩ឆ្នាំ មកពីស្រុកសំពៅមាស ខេត្តពោធិសាត់។
ប្រភពដដែល បានបញ្ជាក់ទៀតថាៈ រថយន្តមួយគ្រឿងនេះ ម៉ាក HINO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 2711 ដឹកស្រាបៀរ ពីភ្នំពេញ មកខេត្តកោះកុង ។
បច្ចុប្បន្ន ជនរងគ្រោះ សមត្ថកិច្ច បានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក និងរថយន្ត រងការខូចខាតធ្ងន់ធ្ងរ នៅនឹងកន្លែង៕/V