ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ ចាប់តាំងពី​ការបិទ​ខ្ទប់​ព្រំដែន កាលពី​ថ្ងៃទី​២៩ ខែកក្កដា មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង មិនតិច​ទេ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ជាប់​នៅ​តំបន់​ព្រំដែន​។ ចំពោះមុខ​នេះ រាជរដ្ឋាភិបាល បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែលមាន​ជំងឺ និង​ឆ្លង​កូ​វីដ អាច​ចូលមក​សម្រាក​ព្យាបាល ហើយ​អ្នក​មិនមាន​ជំងឺ​កូ​វីដ​១៩ នៅ​បន្ត​ស្នាក់នៅ​តំបន់​ព្រំដែន ដោយ​អាជ្ញាធរ​សមត្ថកិច្ច​យើង ផ្តល់នូវ​សម្ភារៈ និង​ស្បៀងអាហារ​ដល់​អ្នក​ទាំងនោះ​។​

​វិធាន​ការបិទ​ខ្ទប់​ព្រំដែន ចាប់ពី​ថ្ងៃទី​២៩​កក្កដា រហូតដល់​ថ្ងៃទី​១២​សីហា ត្រូវបាន​ធ្វើឡើង ក្រោយ​ការរកឃើញ​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើងៗ​នៃ​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា លើ​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក ព្រម​ធ្លាយ​ចូលក្នុង​សហគមន៍ ក្នុងពេល​ថ្មីៗ​នេះ នូវ​មេរោគ​ប្រភេទ​ថ្មី​នេះ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ព្រមទាំង​ខេត្តសៀមរាប កំពង់ធំ និង​រាជធានី​ភ្នំពេញ ជាដើម​។​

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​៦ ខែសីហា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ ស្តីពី ការរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​នៅតាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​ទទួលយក​ពលករ​ខ្មេរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ព្រំដែន​គោក​។ បន្ថែម​លើ​សារាចរ ជា​លាយលក្ខណ៍អក្សរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​បន្ទាន់​ផ្ទាល់មាត់ ឲ្យ​កងទ័ព​ដឹកជញ្ជូន​ពលករ​ខ្មែរ ពី​ព្រំដែន​ថៃ មក​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ ហើយ​ត្រៀម​បើក​ព្រំដែន ទទួល​ពលករ​ខ្មែរ​។​

​ក្នុង​សារ​ជា​សំឡេង​ពិសេស នៅ​ល្ងាច​ថ្ងៃទី​៦ ខែសីហា  នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​បញ្ជា​បន្ទាន់ ឲ្យ​រាជធានី​ខេត្ត នៅ​ជួរ​ខាងក្រោយ រៀបចំ​បន្ថែម​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​រាជធានី​ខេត្ត​និ​មួយៗ ហើយ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​កូ​វីដ​កម្រិត​ស្រាល ត្រូវ​ផ្ទេរ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ដើម្បី​ត្រៀម​បម្រុង ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី ដែល​ត្រូវ​ដឹកជញ្ជូន​ពី​ព្រំដែន​ថៃ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ឲ្យ​ដឹកជញ្ជូន​ពលករ​ខ្មែរ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក បាន ៧​ថ្ងៃ​ហើយ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ចូលមក​កាន់​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ​។​

​វិធានការ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដើម្បី​យក​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន ទុក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ហើយ​កំពុង​ជាប់​នៅតាម​ព្រំដែន ដោយសារតែ​ការបិទ​ខ្ទប់​ព្រំដែន ចាប់តាំងពី​ថ្ងៃទី​២៩ ខែកក្កដា​។

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា នៅពេល​ដឹកជញ្ជូន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នៅតាម​ព្រំដែន ដែលមាន​ចំនួន​ជាង ១​ម៉ឺន​នាក់ មកកាន់​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ​អស់ហើយ គឺ​កម្ពុជា​យើង នឹង​បើក​ព្រំដែន​ឡើងវិញ ដើម្បី​ទទួល​ពលករ​ខ្មែរ ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​តាម​ព្រំដែន​ទាំងនោះ​។ ក្នុងករណី ចំនួន​អ្នក​មកពី​ថៃ លើស​ចំណុះ ដែល​មិនមាន​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ជាប់​ព្រំដែន​ទេ គឺត្រូវធ្វើ​តេស្ត រក​កូ​វីដ នៅ​ព្រំដែន ហើយ​ដឹកជញ្ជូន​តាម​ឡាន​ទាហាន មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ ដែល​រៀបចំ​តែម្តង​។

​ជាមួយនឹង​ផែនការ​ដឹកជញ្ជូន​ពល​ករ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ព្រំដែន មកកាន់​រាជធានី​ខេត្ត​នៅ​ជួយរ​ក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​លោកស្រី ឱ វណ្ណឌី​ន ត្រូវបញ្ជូន​ថ្នាំ​វ៉ាក់សាំង AstraZeneca ទៅកាន់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ដើម្បី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ដល់​មន្ត្រីរាជការ អាជ្ញាធរ​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និង​ផ្នែក​ពាក់ព័ន្ធ ដែល​ត្រូវ​ទទួល​ពលករ​ឆ្លងដែន​។ ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​នេះ នឹងត្រូវ​ធ្វើឡើង ក្នុង​សប្តាហ៍​ទី​២ ក្នុង​ខែសីហា​នេះ ពោលគឺ​ត្រូវធ្វើ នៅ​ថ្ងៃអាទិត្យ ឬក៏​នៅ​ថ្ងៃ​ចន្ទ ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​៦ ខែសីហា ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា ចំនួន ៦៧​នាក់ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែសីហា​។ អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ដែល​បំប្លែង​ថ្មី​នេះ ជា​អ្នកដំណើរ​មកពី​បរទេស ចំនួន ៣៣​នាក់ ពលករ​មកពី​ប្រទេស​ថៃ ចំនួន ៩​នាក់ និង​ប្រជាជន​ក្នុង​សហគមន៍ ចំនួន ២៥​នាក់​។ ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្ត​សៀម​រាម ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និង​ខេត្តស្វាយរៀង​។​

​ក្រសួងសុខាភិបាល ប្រកាសថា គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ដល់​ថ្ងៃទី​៥ ខែសីហា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា សរុប​ចំនួន ៣២៧​នាក់ ដោយ​អ្នក​ឆ្លង​ភាគច្រើន ជា​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ អ្នកដំណើរ​មក​តាម​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នកភូមិ​នៅក្នុង​សហគមន៍​។​

​ចំពោះ​ការឆ្លង​រាលដាល​កូ​វីដ នៅ​ផ្ទៃ​ក្នុងប្រទេស នាពេលនេះ ក៏​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ ពិសេស​រាលដាល​មេរោគ​បំប្លែង​ថ្មី​ថែមទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ សូមកុំ​ភ្លេចខ្លួន ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ ខណៈដែល​វីរុស​ដែល​តា បាន និង​កំពុង​រាតត្បាត ចូលក្នុង​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ខេត្តឧត្ដរមានជ័យ រាជធានី​ភ្នំពេញ សៀមរាប កំពង់ចាម និង​កំពង់ធំ និង​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​យើង ក៏ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩- សំដៅ​បង្ការ​គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​វីរុស​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​កម្ពុជា​ជាយថាហេតុ​ណាមួយ​។​

​ចំពោះ​ការដឹកជញ្ជូន​ពលករ​ខ្មែរ មកពី​ព្រំដែន ក៏​សូម​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា កន្លងមក ក៏មាន​មន្ត្រី​សុខាភិបាល​យើង មិនតិច​នាក់​ទេ បាន​ឆ្លង​កូ​វីដ​ពី​ពលករ​មកពី​ថៃ ដែល​សុទ្ធតែជា​ប្រភេទ មេរោគ​បំប្លែង​ថ្មី ដែល​តា​។ ពលករ​ជាង ១​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ១​អាទិត្យ តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ព្រំដែន​ថៃ ហើយ​ដែល​នឹងត្រូវ​ដឹកជញ្ជូន​តាម​រថយន្ត មកកាន់​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ ក៏​គួរតែ​ធ្វើតេស្ត​ម្តងទៀត មុន​ឡើង​ឡាន​។ បើ​រកឃើញ​វិជ្ជមាន​កូ​វីដ ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាក​ព្យាបាល នៅ​មូលដ្ឋាន​ជាប់​ព្រំដែន​នោះ​តែម្តង​។ តែបើ​ធ្វើតេស្ត​ម្តង​ទៀតហើយ អវិជ្ជមាន ចាំ​ឡើង​ឡាន មកកាន់​រាជធានី​ខេត្ត ដែលជា​ស្រុកកំណើត តែ​ក៏​ត្រូវធ្វើ​ដោយ​ប្រុងប្រយ័ត្ន គឺ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព អាល់កុល​ត្រូវមាន​ជាប្រចាំ ដើម្បី​បាញ់សម្លាប់​មេរោគ ពេលធ្វើ​ដំណើរ ហើយ​១​ឡានៗ ក៏​កុំ​ដាក់​មនុស្ស​ច្រើនពេក​។​

​អាជ្ញាធរ​សមត្ថកិច្ច​យើង ក៏​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុងពេល​ដឹកជញ្ជូន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់នេះ គឺ​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​បានរៀបចំ មុននឹង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

​ចូរ​កុំភ្លេចថា ការដឹកជញ្ជូន​ពលក​រ​ខ្មែរ​យើង ពី​ព្រំដែន​ថៃ ចូលមក​ដល់ផ្ទះ​ក្នុង នៅ​រាជធានី​ខេត្ត​ជួរ​ក្រោយនេះ បើសិនជា​ថ្លោះ​ថ្លុ​យ មាន​អ្នក​វិជ្ជមាន​កូ​វីដ ហើយ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​ត្រឹមត្រូវ​ទេ នោះ​គឺ​ស្មើនឹង​ការ​ដឹកយក​មេរោគ មក​ចែកចាយ នៅ​មូលដ្ឋាន​ដូច្នោះ​ដែរ​។ ដូច្នេះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​រាជធានី​ខេត្ត ត្រូវតែ​ធ្វើ​ដោយ​ត្រឹមត្រូវ ហ្មត់ចត់​។ ទាំង​អាជ្ញាធរ​សមត្ថកិច្ច ក៏​ត្រូវតែ​ម៉ឺងម៉ាត់ ហើយ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ត្រូវតែ​ច្បាស់លាស់ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​អាជ្ញាធរ​សមត្ថកិច្ច និង​គ្រូពេទ្យ​។​

​សូម​កុំភ្លេចថា បើសិនជា​យើង​ធ្វេសប្រហែស​តែ​បន្តិច មិន​ត្រឹមតែ​ឆ្លង​កូ​វីដ​តែ​ខ្លួនឯង​ទេ តែ​ឆ្លង​ដល់​ក្រុមគ្រួសារ ដល់​អ្នកស្រុក​អ្នកភូមិ ហើយ​មិនដឹង​ថ្ងៃ​ណា អាច​កាត់ផ្តាច់ បញ្ចប់​ការឆ្លង​កូ​វីដ ក្នុង​សហគមន៍​យើង​នោះឡើយ​៕​srn