ដោយៈសុផល/ភ្នំពេញ៖ដើម្បីកសាងខ្លួនជានិស្សិតឆ្នើម តើត្រូវមានចំណុចអ្វីខ្លះ?
វាគ្មិននៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ៖“គន្លឹះកសាងខ្លួនជានិស្សិតឆ្នើម” ដែលរៀបចំ ឡើងតាមរយៈកម្មវិធី Microsoft Teamនាពេលថ្មីៗនេះ បានលើកឡើងថា៖ដើម្បីកសាងខ្លួនជានិស្សិតឆ្នើម ត្រូវមានលក្ខណសម្បត្តិសំខាន់៨យ៉ាងគឺ៖
១-ការថែរក្សាអនាម័យបរិស្ថានល្អសម្រាប់ការសិក្សា
២-ការតាំងចិត្តមិនបណ្តែតបណ្តោយខ្លួនតាមភាពខ្ជិលច្រអូស យកលេសពន្យារពេលធ្វើកិច្ចការសាលា ការដើរលេងកម្សាន្តដែលមិនមានប្រយោជន៍ មកជាការសិក្សាប្រកបដោយភាពឆ្លាតវៃ (do not study hard, but study smart)
៣-ការចេះលៃលកពេលសិក្សា ជាពិសេស នៅមុនពេលនិងក្រោយម៉ោងសិក្សា
៤-ការទម្លាប់ខ្លួនល្អ ឧស្សាហ៍ព្យាយាមចំពោះការសិក្សា
៥-ការស្វែងយល់ពីបរិយាកាសអំណោយផលសម្រាប់ការស្វ័យសិក្សាផ្ទាល់ខ្លួន
៦-ការរៀបចំបញ្ជីសកម្មភាពផ្ទាល់ខ្លួន
៧-ការចេះលើកទឹកចិត្តដល់ខ្លួនឯង តាមរយៈការជូនការដូដល់ខ្លួនឯង អនុវត្តតាមពាក្យស្លោកល្អៗ និងបុគ្គលគំរូ
៨-បង្កើតទំនាក់ទំនងក្នុងសង្គម ដើម្បីស្វែងយល់អំពីសង្គម និងអភិវឌ្ឍខ្លួន តាមរយៈការធ្វើការងារ ស្ម័គ្រចិត្ត ចូលរួមសកម្មភាពសង្គម និងការប្រកួតប្រជែងនានា
សូមជម្រាបថា៖សិក្ខាសាលាតាមអនឡាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ចែករំលែកពី វិធីសាស្ត្រនៃការសិក្សាប្រកបដោយ ប្រសិទ្ធិភាព សារៈសំខាន់នៃការបង្កើតទម្លាប់ល្អៗក្នុងការសិក្សា ក៏ដូចជាវិធីសាស្ត្រក្នុងការកសាងខ្លួនឱ្យ ក្លាយជានិស្សិតឆ្នើម។ វាគ្មិនកិត្តិយសចំនួនបីរូប បានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ល្អៗរបស់ខ្លួនជូនដល់អង្គសិក្ខាសាលា ដែលរួមមាន៖ លោកស្រី ស មុន្នីរ័ត្ន និស្សិតអាហារូបករណ៍ថ្នាក់ បណ្ឌិត ជំនាញអភិវឌ្ឍការអប់រំនៅសាកល វិទ្យាល័យហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន “ប្រធានបទ ៖ វិធី សាស្ត្រនៃការសិក្សាប្រកបដោយប្រសិទ្ធិភាព” ,លោក ជិន លីសុធីនី អតីតនិស្សិតអាហា រូប ករណ៍ថ្នាក់អនុបណ្ឌិតជំនាញ Maritime and Air Transport Management នៅសាកល វិទ្យាល័យ Antwerb នៃប្រទេសប៊ែលហ្សិក “ប្រធានបទ ៖ គន្លឹះនៃការកសាងខ្លួនជានិស្សិតឆ្នើម”និងកញ្ញា ចាប ច័ន្ទចំរើនរក្សា សាស្ត្រាចារ្យភាសាអង់គ្លេស នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន “ប្រធានបទ ៖ ទម្លាប់ និងវិន័យនៃការរៀនសូត្រឱ្យក្លាយខ្លួនជានិស្សិតឆ្នើម”។
ក្នុងឱកាសនោះ លោក ហឿន សំនៀង នាយក វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានផ្តល់អនុសាសន៍ដាស់តឿន និងដំបូន្មានណែនាំដ៏មានអត្ថន័យជូនដល់សិស្ស-និស្សិតខិតខំសិក្សារៀនសូត្រនិងឆ្លៀតឱកាសនេះស្វែងយល់ពីការចែករំលែកបទពិសោធ ន៍ល្អៗពីរៀមច្បងដែលជាវាគ្មិន កិត្តិយស អំពីគន្លឹះក្នុងការកសាងខ្លួនក្លាយជានិស្សិតឆ្នើម។
បន្ទាប់ពីការចូលរួមចែករំលែកដោយវាគ្មិនកិត្តិយស សិក្ខាសាលាបានរៀបចំឱ្យមានវេទិកាសាកសួរសំណួរ រវាងសិក្ខាកាមចូលរួម និងវាគ្មិនកិតិ្តយស ក្រោមការសម្របសម្រួលដោយ លោក ឡាយ សេងហ៊ ជាមន្ត្រី និងជាសាស្ត្រាចារ្យនៃ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងមានការចូលរួមយ៉ាងសកម្មពីប្អូនៗសិស្សានុសិស្សសាកសួរសំណួរសំខាន់ ៗដូចជា គន្លឹះទទួលបានអាហាររូបករណ៍ទៅសិក្សានៅ បរទេស គន្លឺះនៃការជំនះបានភាពខ្ជិលច្រអូស ឬទម្លាប់ពន្យារពេលធ្វើកិច្ចការសាលា ក៏ដូចជាជំនួយស្មារតី លើការសម្រេចចិត្តរវាងការជ្រើសរើសបន្តបញ្ចប់ការសិក្សានៅក្នុងប្រទេសឬត្រូវបោះបង់ចោលការសិក្សានៅ ក្នុងប្រទេសដើម្បីទទួលយកអាហារូបករណ៍ទៅសិក្សានៅបរទេសជាដើម។
តំណាងនិស្សិតមួយរូបនៃវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនបានធ្វើ ចំណាប់ អារម្មណ៍រួមជូនអង្គសិក្ខាសាលាដោយបានសង្ខេបឡើងវិញនូវខ្លឹមសារដែលចែករំលែកដោយវាគ្មិនទាំងបីរូបព្រមទាំងបានថ្លែងអំណរគុណជូនដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលដែលបានផ្តួចផ្តើម គាំទ្រលើការកសាង និងអភិវឌ្ឍធនធានមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលបានរៀបចំឱ្យមានសិក្ខាសាលាចែករំលែក បទពិសោធន៍បែបនេះឡើងនិងសំណូមពរឱ្យមានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗជាបន្តទៀត។ ក្នុងនោះផងដែរ ដើម្បីលើកទឹកចិត្តដល់និស្សិតឱ្យមានភាពក្លាហានក្នុងការចូលរួមសាកសួរសំណួរនិង បញ្ចេញមតិក្នុងសិក្ខាសាលាសាធារណៈ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន បានផ្តល់រង្វាន់ លើកទឹកចិត្តដល់និស្សិតចំនួនបីរូប រួមមាន៖ ១. និស្សិត ហួ សុខហេង ២. និស្សិត លឹម ឬទ្ធីងន់ហុង និង ៣. និស្សិត ឃាម ជឺវិនឡុង៕Ph