​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​បានឱ្យដឹងថា បុគ្គលិក​បី​នាក់​នៅ​ទូរទស្សន៍ CNN ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ ដោយសារ​រំលោភ​លើ​ច្បាប់​ស្តីពី​ការទប់ស្កាត់​មេរោគ​កូរ៉ូណា​របស់​បណ្តាញទូរទស្សន៍​នេះ ដោយ​ចូលមក​ក្នុង​ការិយាល័យ​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​។​

​នៅក្នុង​កំណត់ហេតុ​ផ្ទៃក្នុង​មួយ​ផ្ញើ​តាម​អ៊ីមែល​ទៅ​បុគ្គលិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​សីហា​និង​ទទួល​បាន​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អាម៉េរិក​ជាច្រើន ប្រធាន​ទូរទស្សន៍ CNN លោក ជេ​ហ្វ ហ្សាក់​ឃើ បាន​និយាយថា កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​បានដឹង​អំពី​បុគ្គលិក​បី​នាក់​មក​ធ្វើការ​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​។ អ្នក​ទាំង​បី​ត្រូវ​បាន “​បញ្ឈប់​”​។​

​លោក​បាន​និយាយ​នៅក្នុងប្រវ​តិ្ត​កំណត់​ហេតុ​ដែល​បង្ហោះ​លើ Twitter ដោយ​អ្នកយកព័ត៌មាន CNN លោក អូ​លីវើ ដា​ស៊ី ថា “​ខ្ញុំ​សូមបញ្ជាក់ថា​យើង​មាន​គោល​នយោបាយ​គ្មាន​ការ​​អត់ឱន​នោះទេ​ចំពោះ​បញ្ហា​នេះ​”​។​

​កំណត់ហេតុ​របស់​គាត់​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​បុគ្គលិក​ដែល​ត្រូវ​បាន​បណ្តេញចេញ​ឬ​ទីតាំង​ការិយាល័យ​នោះ​ទេ​។ CNN​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​​នោះទេ​។​

​បណ្តាញ​ទូរទស្សន៍​នេះ​ពឹងផ្អែក​លើ​ប្រព័ន្ធ​កិត្តិយស​ដែល​តម្រូវ​ឱ្យ​បុគ្គលិក​ចាក់​វ៉ាក់សាំង ប៉ុន្តែ​មិន​ទាមទារ​ឱ្យ​ពួក​គេ​បង្ហាញ​ភស្តុតាង​ទេ​។ ប៉ុន្តែ​លោក​ហ្សាក់​ឃើ​និយាយ​ថា​រឿង​នេះ​អាច​នឹង​ត្រូវ​ផ្លាស់​​ប្តូរ​នៅពេល​ខាងមុខ​។​

​លោក​បាន​និយាយ​នៅក្នុង​កំណត់ហេតុ​នោះ​ថា ការចាក់​វ៉ាក់សាំង​គឺជា​កាតព្វកិច្ច​សម្រាប់​អ្នក​ដែល​រាយការណ៍​នៅក្នុង​វិស័យ​ព័ត៌មាន ធ្វើការ​ជាមួយ​បុគ្គលិក​ផ្សេងទៀត​ជាច្រើន ឬ​ចូល​មក​ធ្វើការ​​ក្នុង​ការិយាល័យ​។​

​កាលពី​ខែ​ឧសភា​រដ្ឋាភិបាល​សហ​ព័ន្ធ​អាម៉េរិក​បាន​និយាយថា​វា​ជាការ​ស្របច្បាប់​សម្រាប់​និយោជក​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​មក​ធ្វើការ​ត្រូវតែ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវី​ដ​១៩​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្សៗ​រួមមាន Facebook, Google និង Microsoft សុទ្ធតែ​បាន​និយាយថា​ពួកគេ​នឹង​តម្រូវ​ឱ្យ​និយោជិត​ទាំងអស់​ចាក់​វ៉ាក់សាំង​មុននឹង​ត្រឡប់​​ទៅ​ការិយាល័យ​អាម៉េរិក​របស់​ពួកគេ​វិញ​៕