ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តុលាការ​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​៦ សីហា​បាន​ព្យួរ​ការអនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល​ដើម្បី​ហាមឃាត់​ការផ្សព្វផ្សាយ “​សារ​មិន​ពិត​”​និង​ព័ត៌មាន​បំភ្លៃ​​ការពិត ដោយ​សម្រេច​ថា បទបញ្ជា​នេះ​រំលោភ​សិទ្ធិ​និង​សេរីភាព​បុគ្គល​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បានដាក់​ញត្តិ​មួយ​ដើម្បី​លុបចោល​បទបញ្ជា​នេះ​បន្ទាប់​ពី​ចោទប្រកាន់​រដ្ឋាភិបាល​ថា​មានបំណង​ប្រើ​វា​ដើម្បី​បង្ក្រាប​អ្នក​រិះគន់​ជុំវិញ​ការដោះស្រាយ​របស់ខ្លួន​​លើ​មេរោគ​កូរ៉ូណា​។​

​រដ្ឋាភិបាល​បាន​បដិសេធថា​ខ្លួន​មិន​បាន​ផ្តោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​ហើយ​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​បាន​ក្លាយជា​បញ្ហា​ចម្បង​មួយ​ដែល​បង្ក​ឱ្យ​មាន​ភាពច្របូកច្របល់​នៅក្នុង​សង្គម​និង​ធ្វើឱ្យ​អន្តរាយ​ដល់​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​។​

​បទបញ្ជា​ដែល​បាន​ចេញ​កាលពី​សប្តាហ៍​មុន​ដែល​ផ្តល់​អំណាច​ដល់​និយតករ​រដ្ឋ​ដើម្បី​បិទ​សិទ្ធិ​ចូល​ប្រើ​អ៊ីនធឺណិត​និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ខ្លួន​ជឿ​ថា​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បាន​កើតឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ប្រឈមមុខ​នឹង​ប្រតិកម្ម​ជា​សាធារណៈ​ចំពោះ​ការដោះស្រាយ​វិបត្តិកូ​វីដ​១៩ ។​

​តែ​តុលាការស៊ីវិល​ថៃ​បាន​សម្រេច​ថា បទបញ្ជា​នេះ​បាន​រំលោភ​សិទ្ធិ​និង​សេរីភាព​បុគ្គល​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ដូច្នេះ​មិន​អាច​អនុវត្ត​បាន​ទេ​បន្ទាប់​ពី​អង្គភាព​សារព័ត៌មាន​អន​ឡាញ​​ចំនួន ១២ បានដាក់​ញត្តិ​ទៅ​តុលាការ​នៅ​សប្តាហ៍​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ តុលាការ​និយាយថា បទបញ្ជា​នេះ​អាច​នាំឱ្យ​មាន “​ការដកហូត​សិទ្ធិ​និង​សេរីភាព​របស់​ដើមបណ្តឹង​និង​ប្រជាជន​ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​”​ហើយ​ថា​​ពាក្យពេចន៍​ក្នុង​បទបញ្ជា​នេះ​មាន​ភាពមិនច្បាស់លាស់ និង “​បើក​លទ្ធភាព​ឱ្យមាន​ការបកស្រាយ​ទូលំទូលាយ​” ដែល​អាច​នឹង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​៕

​បទបញ្ជា​នេះ​ចេញ​កាលពី​សប្តាហ៍​មុន បន្ទាប់​ពី​រដ្ឋាភិបាល​ប្រឈមមុខ​នឹង​ប្រតិកម្ម​ជា​សាធារណៈ​ចំពោះ​ការដោះស្រាយ​វិបត្តិកូ​វីដ​១៩