​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី ៦ សីហា​ថា​យោធា​កាន់​អំណាច​របស់​មី​យ៉ាន់​ម៉ា​បាន​ផ្តល់ជូន​ការលើកលែង​បទចោទប្រកាន់​ចំពោះ​​បាតុករ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ឬ​កូដកម្ម​ប្រសិនបើ​ពួកគេ​ចូល​ខ្លួន​មករក​អាជ្ញាធរ​ដោយ​ញ៉ាំង​ឱ្យ​មាន​ការឆ្លើយតប​ទាំង​មន្ទិល​ពី​មនុស្ស​ជាច្រើន​ដែល​ប្រឈម​នឹង​ការ​ចោទ​​ប្រកាន់​។​

​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​ភាពច្របូកច្របល់​ចាប់តាំងពី​កងទ័ព​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី ៦ ខែ​មុន ដោយ​បង្ក​ឱ្យ​មាន​រលក​នៃ​ការតវ៉ា​និង​ចលនា​មិន​គោរព​ច្បាប់​រដ្ឋ ដែល​ធ្វើឱ្យ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ត្រូវ​ជាប់គាំង​។​

​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​បានឱ្យដឹងថា ចាប់តាំងពី​រដ្ឋប្រហារ​មក កម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​មនុស្ស​ជាង ៧.០០០ នាក់​ខណៈ​ដីកាចាប់ខ្លួន​មាន​សុពលភាព​​មាន​ចំនួន ១.៩៨៤ ។​

​សារព័ត៌មាន​រដ្ឋ Global New Light of Myanmar បាន​រាយការណ៍​ថា​គ្មាន​ការលើកលែង​ទោស​ណាមួយ​ត្រូវបាន​ផ្តល់​ជូន​ចំពោះ​ជន​ណា​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​​ដូចជា ឃាតកម្ម ដុតបំផ្លាញ ឬ​វាយប្រហារ​លើ​កងទ័ព ដោយ​ស្តីបន្ទោស​លើ​ការ​ញុះញង់​ដោយ​សមាជិក​គណបក្សរ​បស់​លោក​ស៊ូ​ជី​ចំពោះ​យុទ្ធនាការ​មិន​គោរព​ច្បាប់​រដ្ឋ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ​និយាយថា​”​ដូច្នេះ​អ្នក​ដែល​ចង់​វិលត្រឡប់​មក​ផ្ទះ​វិញ​តាម​ការយល់ព្រម​របស់​ពួកគេ​…​អាច​ទាក់ទង​ដោយ​ទំនុកចិត្ត​តាមរយៈ​លេខ​ទូរស័ព្ទ​ខាងក្រោម​ឬ​ប៉ុស្តិ៍​ប៉ូលិស​ដែល​​នៅ​ជិត​អង្គភាព​រដ្ឋបាល​ស្រុក​និង​ក្រុង​”​។​

​កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការតវ៉ា​យ៉ាង​សាហាវ​ឃោរឃៅ ដោយ​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ចាប់តាំងពី​រដ្ឋប្រហារ ហើយ​គំនិត​នៃ​ការប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​យោធា​ត្រូវបាន​អ្នកខ្លះ​ច្រានចោល ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​លាក់ខ្លួន​និង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដដែល​។​

​លោក ឃី​ន ម្យ៉ាត​ម្យ៉ា​តនាង អាយុ ៣៥ ឆ្នាំ​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោម​មាត្រា​លេខ​៥០៥A​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ដាក់ទោស​លើ​ការបញ្ចេញមតិ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ត្រូវ​ផ្តន្ទា​​ទោស​ដាក់​ពន្ធនាគា​ររ​ហូ​តដល់ ៣ ឆ្នាំ បាន​និយាយថា “​វា​អាច​ជា​ការរៀបចំ​”​។​

​អ្នកសរសេរ​ប្លុក​ទេសចរណ៍​និង​ជា​ជន​មាន​ឥទ្ធិពល​លើ​អន​ឡាញ​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​បន្ថែមថា “​ពួកគេ​បន្ត​ក្រឡាស់​ពាក្យសម្តី​គ្រប់ពេល​។​ឧទាហរណ៍​ជាក់ស្តែង​គឺ​ការសន្យា​អំពី​ការបោះ​​ឆ្នោត​របស់​ពួកគេ​”៕

យោធា​អះអាងថា ខ្លួន​នឹង​លើកលែង​ការចោទប្រកាន់​ចំពោះ​អ្នក​តវ៉ា​ដែល​ព្រម​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ