ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ បាន​ចូលទៅ​លួច​កង់ ដែល​គេ​ទុក​នៅ​ជិត បន្ទប់​ជួល រួច​យកទៅ​លាក់ទុក នៅក្បែរ​បន្ទប់ ផ្ទះ​ដែល​គេ​ទុកចោល មួយកន្លែង ទៀត​។ ក្រោយពី​ម្ចាស់​ទទួលដំណឹង​ថា មាន​គេ​លួច​យក​កង់ របស់ខ្លួន​ក៏រ​ត់ទៅ តាមរក ឃើញ​កង់​ដែល​ជនសង្ស័យ លាក់ រួច​ក៏​ចូលទៅ​បម្រុង បណ្ដើរ​កង់​យកមក​វិញ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ទាញ​ដាវ​សាមូរ៉ៃ កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល អោយ​រងរបួស​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣ និង​៣០​នាទី រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ចំណុច​ផ្ទះ​ទុកចោល មួយកន្លែង តាម​បណ្តោយ​ផ្លូវ ៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ ឈុំ សុភា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ​មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល ជិត​កន្លែងកើតហេតុ​។ ចំណែក​ជនសង្ស័យ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ដំបូង​ឡើយ គាត់​បានឃើញ​ជន សង្ស័យ​បាន​ចូល​លួច​កង់​របស់ ជនរងគ្រោះ នៅ​ជិត​បន្ទប់​ជួល រួច​ជនសង្ស័យ បាន​យក​កង់​ទៅ​ដា​ក់នៅ​កៀន​ផ្ទះ គេ​ទុកចោល​មួយកន្លែង​ទៀត បន្ទាប់មក ក៏បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា កង់​របស់ខ្លួន ត្រូវបាន​ជនសង្ស័យ លួច​យកទៅ ដាក់​លាក់ នៅ​ចំណុច​ជិត​ស្ថានីយ​បូមទឹក បឹងទំពុន ។​

​ជនរងគ្រោះ ក៏បាន​ដើររក​ចូលទៅ​អើតមើល ឃើញ​កង់ បម្រុង​បណ្ដើរ​ចេញ ស្រាប់តែ​ជនសង្ស័យ ទាញ​ដាវ​សាមូរ៉ៃ មក​កាប់​ទៅលើ​ជនរងគ្រោះ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​ជនសង្ស័យ ព្យាយាម​រត់គេចខ្លួន ត្រូវបាន​ប្រជាពលរដ្ឋ ដេញ​ពីក្រោយ តាម​ជនសង្ស័យ រត់​មកដល់​ចំណុច​ផ្លូវ​បេតុង មួយកន្លែង​ក្នុងភូមិ ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ត្រូវ​ពលរដ្ឋ​ឃាត់​បាន និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌមានជ័យ ចុះទៅ​ដល់ ឃាត់ខ្លួន​ដឹកយក​មក​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ដើម្បី​ធ្វើការ​សាកសួរ​។​

​ក្រោយមក ដោយ​រឿង​កើតឡើង នៅ​ទឹកដី​ខណ្ឌដង្កោ សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹង មានជ័យ​ទី​២ បានប្រគល់​ជនសង្ស័យ ទៅអោយ​សមត្ថកិច្ច​ដង្កោ ដើម្បី​ចាត់ការ​ទៅ តាម​នីតិវិធី​៕/V​-PC