ដោយៈសរិទ្ធ / កណ្តាលៈ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញដីកាឃុំខ្លួន លោក ឡៅ អ៊ូ ហៅ ខេន អាយុ៣៥ឆ្នាំ ជាម្ចាស់ហាង «គោលដៅចាស់» ស្ថិតនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ «រារាំងដល់ការអនុវត្ត វិធានការ» របស់អាជ្ញាធរ ពាក់ព័ន្ធការព្រហើន ហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃ ការរីករាល ដាល ជំងឺកូវីដ១៩ ជាពិសេស គឺ បានប្រឆាំងនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល តែម្ដង ។
គួររំលឹកថា ហាង «គោលដៅចាស់» ត្រូវបានចុះបង្ក្រាប កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធការព្រហើន ហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃការ រីករាលដាលជំងឺកូវីដ១៩ ពិសេសគឺប្រឆាំងនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល តែម្តង ។
ការចុះបង្ក្រាបទ្រង់ទ្រាយធំនេះ គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល និងចូលរួមបង្ក្រាប ផ្ទាល់ពី លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល ព្រមទាំងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល ក្រុងតាខ្មៅ ។
រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការ រដ្ឋបាលសម្រាប់ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ។
នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ ៕/V-PC