ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការប្រៀបធៀប រវាងមរតកតេជោទាំង ៥ និងមរតកទាំង ៥ របស់ក្រុមប្រឆាំង ដែលយុវជននិងអ្នកនយោបាយ ជំនាន់ក្រោយ គួររៀនសូត្រតាម យកជាគំរូ ជាពិសោធន៍ ហើយមរតកណា អាក្រក់គួរជៀសវាង។ ហើយលោកឃើញថា មរតកតេជោទាំង៥ គឺជាមរតក ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ការបង្រួបបង្រួមជាតិ ការកសាងថែរក្សា សន្តិភាព ដែលជាមរតកមួយ ដែលកូនខ្មែរ និងយុវជន ក៏ដូចជាអ្នកនយោបាយជំនាន់ក្រោយ គឺប្រកាន់យក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានមានប្រសាសន៍ ប្រាប់រស្មី កម្ពុជាថាៈ មរតកតេជោទាំង៥ គឺ ១. ការធានាបាននូវសិទ្ធិរស់រានមានជីវិតដោយ សង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ ចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ២. ការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្ពុជា ចូលទៅក្នុងតំបន់ និងលើ ឆាកអន្តរជាតិ។ ៣.ការបញ្ចប់សង្គ្រាម និងការនាំមកនូវ សុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ៤.ការអភិវឌ្ឍន៍លើ គ្រប់វិស័យ និងទី៥. គឺការថែរក្សាសន្តិភាពឲ្យបានគង់វង់ និងបន្តការពារអាយុជីវិត ប្រជាពលរដ្ឋ ពីការឆ្លងរោគរាលដាល នៃជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
លោក ជិន ម៉ាលីន បានបន្តថាៈ មរតកដែលអាក្រក់ គឺមរតករប់សក្រុមប្រឆាំង ដែលជាមរតកនាំមកនូវ ការបំផ្លិចបំផ្លាញជាតិ មរតកដែលនាំមកសង្គ្រាមមរតក ដែលនាំមកបដិវត្តន៍ហិង្សា មរតកដែលនាំបរទេសចូលស្រុក បំផ្លាញសុខសន្តិភាព បំបែកបំបាក់ជាតិជាដើម ដែលមរតកនេះ មិនមែនជាមរតកល្អទេ ហើយដែលយើង គួររៀនសូត្រ ពីកត្តាប្រវត្តសាស្ត្រដ៏ជូរចត់ របស់យើង ដែលជួបសង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុងជាតិ រហូតដល់ធ្លាក់មកចំណុចសូន្យ នៅក្នុងរបបខ្មែរក្រហម គឺដោយសារតែគំរូ មរតកអាក្រក់ ដែលក្រុមប្រឆាំង កំពុងតែប្រើប្រាស់នាពេល បច្ចុប្បន្ន។ ហើយមរតកនេះ ដែលកូនខ្មែរ និងអ្នកនយោបាយជំនាន់ក្រោយ ក៏ដូចជា យុវជនគួរតែរៀនសូត្រ និងជៀសវាង ដើម្បីធ្វើម៉េចកុំឲ្យជ្រុលជ្រោះឬក៏ធ្វើសកម្មភាព ណាមួយ ដែលនាំមកនូវ ការបំផ្លាញជាតិសាសន៍ សុខសន្តិភាព និងការអភិវឌ្ឍរបស់ ប្រទេសជាតិខ្លួនឯង។
លោកជិន ម៉ាលីន បានបញ្ជាក់ថាៈ មរតកទាំង៥របស់ក្រុមប្រឆាំងវិញ គឺ ១. នយោបាយបរទេសនិយម ព្រោះតែអំណាច សុខចិត្តទៅអង្វរលន់តួឱ្យបរទេស មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ទណ្ឌកម្ម មកលើជាតិសាសន៍ខ្លួនឯង។ ២. បង្ករការញុះញង់ បំបែកបំបាក់ បែបហឹង្សានិយម ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ រហូតបង្ករទៅជាចលនាបត្តិវត្តន៍ហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ៣. នយោបាយបោកប្រាស់និយម ដើម្បីប្រមូលលុយពីអ្នកគាំទ្រក្នុងនោះដែរមេដឹកនាំ ក្រុមប្រឆាំង តែងតែបង្កើតសេណារីយូផ្សេងៗជាច្រើន ដើម្បីរកលុយដាក់ហោប៉ៅ ពេលខ្លួនដាច់លុយម្តងៗ។ ៤. នយោបាយប្រឆាំងផ្កាប់មុខ និងជ្រុលនិយមដោយ មិនគិតពីប្រយោជន៍ជាតិ អ្វីនោះទេ ក្រៅតែពីប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ស ពួកខ្លួន និងទី៥. គឺការធ្វើនយោបាយបែបស៊ីពែនិយមដោយតែងតែឆ្លៀតឱកាសកេង ចំណេញពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បំផុសឱ្យប្រជាពលរដ្ឋ ធ្វើសកម្មភាព ដូចបណ្តាប្រទេសដទៃទាំងនោះ៕/V-PC