ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កុមារនិងយុវវ័យ ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ជិត ១ ម៉ឺននាក់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក គិតមកដល់ពេលនេះ បានទទួលការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ បានប្រមាណ ៦០ ភាគរយហើយ ស្មើនឹងចំនួន ប្រមាណជា ៦ ពាន់នាក់។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ខណៈដែលលោកចុះត្រួតពិនិត្យ សកម្មភាព នៃការចាក់វ៉ាក់សាំង នៅមណ្ឌល សុខភាពទួលគោក នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថាៈ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី១ រហូតមក ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ នៅក្នុងមូលដ្ឋាន ខណ្ឌគោកទាំងមូល គឺមានកុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់១៧ ឆ្នាំ មកទទួលការចាក់វ៉ាក់សាំង បានប្រមាណជា ៦០ ភាគរយហើយ ស្មើនឹងចំនួនមនុស្ស ប្រមាណជា ៦.០០០ នាក់។
លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថាៈ អនុវត្តតាមប្រសាសន៍ណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ គឺមិនមានការយក លុយនោះទេ ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល កុមារនិងយុវវ័យទាំងអស់ មកទទួលការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលជាកាដូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អោយបានគ្រប់គ្នាដោយសារការ ចាក់វ៉ាក់សាំងនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះហើយ។ លោកបានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់ វ៉ាក់សាំងនេះ ឲ្យបានទាន់ពេលវេលា ដែលបានកំណត់។
លោក អឿន សំអាត ប្រធានមណ្ឌលសុខភាពខណ្ឌគោក បានបញ្ជាក់ឲ្យដឹងថាៈ ការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវ័យ ដែលមានអាយុ ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បានចាប់ផ្ដើមអនុវត្ត កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ហើយគិតមកដល់ ពេលនេះ គឺមានសង្កាត់ ចំនួន ៦ ហើយដែលបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះ រួមមាន សង្កាត់ផ្សារដេប៉ូទី១ , សង្កាត់ផ្សារដេប៉ូទី២ , សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី១, សង្កាត់ទឹកល្អក់ទី២ និងនៅពេលនេះបាននិងកំពុងចាក់វ៉ាក់សាំង ឱ្យកុមារ និងយុវវ័យ រស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣។
លោកបានបញ្ជាក់ថាៈ ចំនួនកុមារនិងយុវវ័យ ដែលមកទទួលការចាក់ ខាងលើនេះ គិតមកត្រឹមថ្ងៃទី៦ ខែសីហា ម្សិលមិញនេះ មានចំនួនប្រមាណជា ៦.០០០ នាក់ហើយ ស្មើនឹងប្រមាណជា ៦០ ភាគរយ នៃចំនួនកុមារ និងយុវវ័យដែលត្រូវ ចាក់វ៉ាក់សាំងទាំងអស់ សរុបចំនួន ៩.៥៤៤ នាក់ ហើយដែលគ្រោងនឹងបញ្ចប់ ជាស្ថាពរ នៅថ្ងៃទី១៤ ខែសីហា ខាងមុខនេះ៕/V-PC