ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ការសិក្សាស្រាវជ្រាវមួយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក (CDC)បាននិយាយកាលពីថ្ងៃសុក្រទី ៦ ខែសីហាថាមនុស្សដែលមិនបានចាក់វ៉ាក់សាំងគឺទំនងជាអាចឆ្លងកូវីដ១៩ ឡើងវិញទ្វេដងធៀបនឹងអ្នកចាក់វ៉ាក់សាំងពេញលេញ។
ទីភ្នាក់ងារអាម៉េរិកមួយនេះបាននិយាយថា ការរកឃើញនេះគឺគាំទ្រអនុសាសន៍របស់ខ្លួនដែលថា “អ្នកដែលមានសិទ្ធិទាំងអស់ត្រូវតែទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយមិនគិតពីស្ថានភាពនៃការឆ្លងមេរោគ Sars-CoV-2 កាលពីមុន”។
អ្នកនយោបាយអាម៉េរិកមួយចំនួនរួមទាំងព្រឹទ្ធសមាជិក រ៉ាន់ ផូល កាលពីមុនបាននិយាយថា ពួកគេមិនមានគម្រោងចាក់វ៉ាក់សាំងការពារកូវីដ១៩ទេដោយសារតែភាពស៊ាំពីធម្មជាតិរបស់ពួកគេបានមកពីការឆ្លងមេរោគកូរ៉ូណាពីមុន។
ការសិក្សាថ្មីនេះគឺផ្អែកលើមនុស្សពេញវ័យនៅរដ្ឋកេនថាក់គីចំនួន ២៤៦ នាក់ដែលបានឆ្លងមេរោគកូរ៉ូណាឡើងវិញកាលពីខែឧសភានិងមិថុនាឆ្នាំនេះ បន្ទាប់ពីបានឆ្លងមេរោគនេះកាលពីឆ្នាំ ២០២០ ។
ពួកគេត្រូវបានប្រៀបធៀបជាមួយ “ក្រុមមនុស្សដែលស្ថិតក្រោមការត្រួតពិនិត្យ” ចំនួន ៤៩២ នាក់ ដែលត្រូវបានផ្គូរផ្គងតាមភេទ អាយុ និង ពេលវេលានៃការធ្វើតេស្តិ៍វិជ្ជមានដំបូង។
ការវិភាគបានរកឃើញថា មនុស្សដែលមិនបានចាក់វ៉ាក់សាំងមានហានិភ័យឆ្លងឡើងវិញ ២,៣៤ ដងធៀបនឹងមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹងវ៉ាក់សាំង Pfizer, Moderna ឬ Johnson & Johnson៕
បាតុករប្រឆាំងការចាក់វ៉ាក់សាំងកូវីដ១៩ ជួបជុំគ្នានៅសួនកណ្តាលក្រុងញូវយ៉កកាលពីថ្ងៃទី២៤កក្កដា២០២១