ដោយៈ គ្រញូង / បាត់ដំបងៈ លោក ហម សំខាន់ អតីត​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ត្រូវបានតែងតាំង ទៅជា​អភិបាល ស្រុក​សំពៅ​លូន​។ ពិធី​នេះ រៀបចំឡើង​នៅក្នុង​បរិវេណ​សាលាស្រុក​សំពៅ​លូន នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​បន្ទាប់ពី​ការប្រគល់​អនុក្រឹត្យ និង​ត្រា​ដល់​លោក ហម សំខាន់ រួចមក លោក​អភិបាល ស្រុក ទើប​ឡើង​ថ្មី បានធ្វើការ​ប្តេជ្ញាចិត្ត អនុវត្ត​ឲ្យ​បានសម្រេច​រាល់​ការណែនាំ បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​រក្សា​សាមគ្គីភាព ផ្ទៃក្នុង ឲ្យ​បានល្អ​ប្រសើរ និង​សាមគ្គីភាព ជាមួយ​អង្គភាព​នានា ស្រុក​ជាប់​ព្រំប្រទល់​គ្នា ឲ្យ​បានល្អ​។

​បន្ត​មក លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ស្រុក​សំពៅ​លូន រដ្ឋបាល​ឃុំ មន្ត្រីរាជការ ស៊ីវិល កងកម្លាំង​ប្រដាប់ អាវុធ និង​ប្រជាពលរដ្ឋ ទូទាំង​ស្រុក​សំពៅ​លូន ដែល​បាន​យកចិត្តទុកដាក់​ចូលរួម អនុវត្ត​នូវ​ធាន​ការ​នានា ដែល​បាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខា ភិ​បាល ក៏ដូចជា ក្រសួងមហាផ្ទៃ និង​បាន​ខិតខំ​ចាត់វិធានការ​នានា ក្នុងការ​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន នៅក្នុង​កម្រិត​សហគមន៍​។ ទន្ទឹមនេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​រួមគ្នា ពុះពារ​ជំនះ​នូវ ផលវិបាក​នានា ដែល​បណ្តាល មកពី​ជំងឺ​កូ​វីដ ១៩ ដោយ​បន្ត​បំពេញ​កិច្ចការ​សាធារណៈ​គ្រប់​វិស័យ រួមទាំង​ការអនុវត្ត កម្មវិធី​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ការធានា​ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការដោះស្រាយ​ជីវភាព​ជូន ប្រជាជន និង​ការផ្តល់សេវា សាធារណៈ​ចាំបាច់ និង​ជា​មូលដ្ឋាន​នានា ជូន​ប្រជាជន សំដៅ​ធានាបាន​នូវ ប្រក្រតីភាព​នៃ ជីវភាព​សង្គម ។ ក្រៅពីនេះ អាជ្ញាធរ​ស្រុក ឃុំ បាន​យកចិត្តទុកដាក់ គ្រប់គ្រង​ដោះស្រាយ និង​ការទាមទារ​តវ៉ា​នានា ដោយ​សន្ត​វិធី ផ្អែកលើ​គោលការណ៍ ច្បាប់​។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថាៈ ជា​អាជ្ញាធរ​ស្រុក​ឃុំ ត្រូវយក​ចិត្ត ទុកដាក់​ជំរុញ និង​បំផុស​វិធានការ របស់​រាជរដ្ឋាភិបាល ពី​វិបត្តិ​កូ​វីដ ១៩ ជាពិសេស មេរោគ​ប្រភេទ​ថ្មី Delta ដែល​កំពុង​បង្ក​ហានិភ័យ​ខ្ពស់ នៃ​ការ​រាតត្បាត ក្នុង​កម្រិត សហគមន៍ ។ ដូចនេះ​យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​បន្ត យកចិត្តទុកដាក់ ក្នុងការ​បង្ការ ទប់ស្កាត់ នៃ​មេរោគ​រាតត្បាត​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព សាធារណៈ សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ប្រជាជន ដែល​ខ្វះខាត​ជាពិសេស គ្រួសារ​ក្រីក្រ ក្រុម​ជន ងាយ​រងគ្រោះ និង​គ្រួសារ​បាត់បង់​ការងារ​ឬ​បាត់បង់​ប្រាក់ ចំណូល​ទាំងស្រុង ដោយសារ​វិបត្តិ​កូ​វីដ​១៩ នេះ ៕/V-PC