ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ នៅ​ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរខេត្ត ឧ​ត្ត​រ​មានជ័យ បានសម្រេច បិទ​ខ្ទប់​ចំនួន ៩ ភូមិ និង​ផ្សារ​ចំនួន​៣ ក្នុង​សង្កាត់​ចំនួន​២ គឺ​សង្កាត់​សំរោង និង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ដែល​ស្ថិតក្នុង​តំបន់​មាន ហានិភ័យ ដើម្បី​កាត់ផ្តាច់​ចរ​ន្ធ នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ បន្ត​ចូលទៅក្នុង​សហគមន៍ ផ្សេងទៀត​។​

​លោក ឃិន ញ៉ា​ណ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍ ឲ្យ​ដឹងថាៈ តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ចំនួន ១១ ភូមិ​ខាងលើ អាជ្ញាធរ​បានកំណត់​ជា (​តំបន់​លឿងទុំ​) រួមមាន​÷ ភូមិ​អូរ​ក្រ​វ៉ាន់​. ភូមិ​ដូន​កែន​. ភូមិ​ភ្នៀ​ត​. ភូមិ​ដូន​កែន​សែន​ជ័យ​. ភូមិ​សំរោង​. ភូមិ​ឈូក​. ផ្សារ​សំរោង​. ផ្សារ​ឈូក ក្នុង​សង្កាត់​សំរោង និង​ភូមិ​ខ្ទុំ​. ភូមិ​ថ្នល់​បត់​. ភូមិ​ថ្មី​. ភូមិ​តា​ម៉ាន​. ផ្សារ​ផ្អុង ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។​

​លោក​បាន​បន្តថាៈ តំំ​បន់​បិទ​ខ្ទប់ ដែលមាន​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នេះ ហាម​ដល់​ប្រជាពលរដ្ឋ ដើរចេញ​ក្រៅពី​លំនៅ ដ្ឋា​ន​ខ្លួន ហាមឃាត់​សកម្មភាព អាជីវកម្ម មុខរបរ ដែល​មិន​រៀបរយ នាំឱ្យ​ឈាន ដល់​ការឆ្លង​រាលដាល ក្នុង​សហគមន៍​, ហាម​ការជួបជុំ​លក្ខណៈ​ឯកជន តាម​អាហារ​ដ្ឋា​ន បិទ​ការ​បម្រើសេវា ក្នុង​ទីតាំង តែ​អាច​វេច​ខ្ចប់​បាន (​លើកលែង​ទីតាំង ដែល​អនុវត្តតាម​វិធាន​សុខាភិបាល​) និង​បើ​បំពាន​បំរាម របស់​រដ្ឋបាលខេត្ត ត្រូវ​ទ​ទូល​នៅ​ការផាកពិន័យ និង​ឈានដល់​ការកសាង សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ផងដែរ​។​

​សូមបញ្ជាក់ថា ខេត្តឧត្ដរមានជ័យ ករណី​ឆ្លង​កូ​វីដ​-១៩ បាន​កើន​ឡើងដល់ សរុប​ចំនួន ៥.១៨៥ ករណី ខណៈ​រកឃើញ​ថ្មី ៣៦ ករណី (២៨​ករណី ក្នុង​សហគមន៍ និង ៨ ករណី​នាំចូល​ពី​ប្រទេស​ថៃ ដែល​សម្រាក នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​) និង​ជា​សះ ស្បើយ ចំនួន ១៩២ នាក់​បន្ថែមទៀត​៕/V​-PC