ដោយៈតាកែវ /តាកែវៈ អគារសាលប្រជុំខ្នាតតូច ដ៏ប្រណិតរបស់ ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ដែលមានកម្ពស់ ២ ជាន់ ទំហំ ១៧,៥ ម៉ែត្រ គុណនឹង ១៦ ម៉ែត្រ តម្លៃជាង ៣២ ម៉ឺនដុល្លារ គ្រោងនឹងបញ្ចប់ ការសាងសង់ នៅដំណាច់ឆ្នាំ ២០២១ នេះ ក្រោយពីបានសាងសង់ ជិត ២ ឆ្នាំមកហើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងការចុះត្រួតពិនិត្យ អគារសាលប្រជុំខ្នាតតូចនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានលើក ឡើងថាៈ ដើម្បីជាប្រយោជន៍រួម រូបលោកបានផ្តើមគំនិតសាងសង់អគារសាល ប្រជុំនេះឡើង ដើម្បីជម្រុញដល់ទីតាំងបម្រើការងារ រដ្ឋបាលនានាដល់បងប្អូនប្រជា ពលរដ្ឋ ឱ្យកាន់តែឆាប់រហ័ស និងមានផាសុកភាព ហើយអគារនេះដែរគឺ លោកធ្វើ យ៉ាងសម្រិតសម្រាំង សាងសង់ ឱ្យមានគុណភាព ស្របតាមស្តង់ដារ និងបំពាក់ទៅ ដោយ ឧបករណ៍បរិក្ខារទំនើប និងទាន់សម័យជាទីបំផុត ជាពិសេសគិតគូរពី ប្រព័ន្ធសុវត្ថិភាព ជាចំបង ទើបធ្វើឱ្យតម្លៃ នៃការសាងសង់ អគារមានកម្ពស់ ២ ជាន់នេះ មានតម្លៃជាង ៣២ ម៉ឺនដុល្លារ ដែលបានមកពីការគៀងគរ ពីបណ្តាសប្បុរជននានា និងរូបលោកផ្ទាល់ ដើម្បីសម្រេចនូវការសាងសង់ អគារមួយនេះឡើង ឱ្យបាន ដើម្បីជាសមទ្ធិផលថ្មីមួយទៀត នៅក្នុងអង្គភាព នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ៕/V-PC