ដោយៈ តាកែវ / តាកែវ​៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត Ford Ranger Pick-up ចំនួន ៤ គ្រឿង ដល់​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤ ស្រុក នៅក្នុង​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ជំរុញ ទៅដល់​កងកម្លាំង​នគរបាល ឲ្យ​ពង្រឹង​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បង្កើន ការ​យាមល្បាត តាម​មូលដ្ឋាន​នានា កុំ​ភ្លេចខ្លួន បើទោះបីជា​មានការ​មមា​ញឹក ក្នុង​យុទ្ធនាការ ប្រយុទ្ធ​ឆ្នាំង​និង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ ។​

​លោកស្នងការ បាន​បន្តថាៈ រថយន្ត​ចំនួន ៤ គ្រឿង ដែល​ប្រគល់ជូន​អធិការ ស្រុក​ត្រាំកក់ ស្រុក​បាទី ស្រុក​ទ្រាំង និង​ក្រុង​ដូន​កែវ នា​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ក្នុង​ការជួយ​សម្រួល ដល់​កងកំលាំង​នគរបាល ជាតិ នៅ​មូលដ្ឋាន​ទាំងអស់ ប្រើប្រាស់ ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា ការប្រើប្រាស់​រថយន្ត​នេះ សម្រាប់​បង្កើន ការ​យាមល្បាត អនុវត្តន៍​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ក្នុង​ការចេញ​នូវ​បំរាម គោចរ ស្តីពី​ការបិទ​តំបន់​នានា នៅតាម​មូលដ្ឋាន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បានបញ្ជាក់​ថាៈ សម្រាប់​ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ គឺ​ទទួលបាន រថយន្ត Ford Ranger Pick-up ចំនួន ១០ គ្រឿង​ហើយ សម្រាប់​បែងចែក​ទៅ បណ្តា​អធិការដ្ឋាន​ស្រុក ក្រុង ទាំង ១០ ។ ជាមួយគ្នានេះដែរ ទទួលបាន​រថយន្ត សម្រាប់​ប្រើប្រាស់ នៅតាម​អធិការដ្ឋាន រៀងៗ​ខ្លួន​ផងដែរ កងកំលាំង​នគរបាលជាតិ ត្រូវ​គិតគូរ​ពី​សុខភាព​ខ្លួន​ជា​ចំបង និង​គោរព​តាម​វិធានការ សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន ។ ស្របពេល​ជាមួយគ្នា​នោះ កងកំលាំង​នគរបាលជាតិ ក៏ត្រូវ​យកចិត្តទុកដាក់ បំពេញភារកិច្ច​ជា​ចាំបាច់ ដើម្បី​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​ខាន​តែ​បាន​ផងដែរ ៕/V​-PC