ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ បានចេញ សេចក្តីជូនដំណឹង ពីការផ្អាកការកោះហៅការចូលឆ្លើយ បំភ្លឺ និងនីតិវិធីផ្សេងៗទៀត ពីស្រុកជាំក្សាន្ត មកកាន់ សាលាដំបូងខេត្តជាបណ្តោះ អាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត ជូនដំណឹងរបស់សាលាដំបូង ខេត្តព្រះវិហារ ដែលអ្នកយកព័ត៌មានយើង ទទួលបាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
ការសម្រេចចេញសេចក្តីជូនដំណឹង ឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការកោះហៅ ឱ្យចូលឆ្លើយបំភ្លឺ និងនីតិវិធីផ្សេងៗទៀត ពីស្រុកជាំក្សាន្ត របស់សាលាដំបូង ខេត្តព្រះវិហារ នាពេលនេះ បន្ទាប់ពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ និងកំណត់ស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta)។
សាលាដំបូងខេត្ត បានឱ្យដឹងថាៈ ដោយសារស្ថានភាពនៃ ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានឆ្លងរីករាលដាល គួរឱ្យកត់សម្គាល់ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺនេះ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ «សម្រេចផ្អាកនីតិវិធី កោះហៅការចូលឆ្លើយបំភ្លឺ និងនីតិវិធីផ្សេងៗ មួយចំនួនទៀត ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាបណ្តោះអាសន្ន» ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល និងប្រសើរឡើងវិញ។
សាលាដំបូងខេត្ត បានបញ្ជាក់ថាៈ ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្តែង ឬនីតិវិធីដែលចាំបាច់ មួយចំនួន ទៀត សាលាដំបូង និងអយ្យការ អមសាលាដំបូង ខេត្តព្រះវិហារ នឹងចាត់ការជាក់ស្តែង តាមករណីនីមួយៗ ដោយគោរពតាមវិធានការ សុខាភិបាល និងវិធានការរដ្ឋបាល ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា ស្រុកជាំក្សាន្ត ត្រូវបានអាជ្ញាធរខេត្ត ចេញសេចក្តីសម្រេចបិទខ្ទប់ជា បណ្តោះអាសន្ន និងកំណត់ជាតំបន់ក្រហម ដោយអនុវត្តន៍ ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៕/V-PC
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់សាលាដំបូងខេត្តព្រះវិហារៈ