ដោយៈ តាកែវ / តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំ ទៅដល់លោក កង អាណាន់ អភិបាលក្រុង ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តត្រៀម និងរៀបចំសម្អាតឡើងវិញ នូវមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យ និងភូមិភាគតាកែវ ពិសេសក៏ត្រូវសម្អាតផងដែរ នូវអគារផ្សេងទៀត នៅក្បែរគ្នា សម្រាប់ពលករ មកពីប្រទេសថៃ និងក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ច សម្រាក និងយាមប្រចាំការ នៅទីនេះ ។
លោកអភិបាលខេត្តតាកែវ បានថ្លែងណែនាំដូច្ចនេះ នៅក្នុងឱកាសលោកចុះត្រួតពិនិត្យ ទីតាំងមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យ និងភូមិភាគតាកែវ ដើម្បីធ្វើការរៀបចំ និងសម្អាតឡើងវិញ នូវអគារទាំងនេះ សម្រាប់បងប្អូន ប្រជាពលករ មកពីប្រទេសថៃ និងក្រុមគ្រូពេទ្យ ស្នាក់នៅ និងធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃសៅរ ទី៧ ខែសីហា ឆ្នាំ២០២១នេះ។
លោក អ៊ូច ភា បានមានប្រសាសន៍ថាៈ ដោយស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា បាននិងកំពុងតែឆ្លង រីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ ដោយធ្វើឱ្យបងប្អូនខ្មែរយើង ដែលធ្វើការនៅទីនោះ នាំគ្នាសម្រុកចេញ ពីប្រទេសថៃ មកស្រុកកំណើតខ្លួនវិញ ហើយភាគច្រើន គឺរកឃើញមានមេរោគបំប្លែងថ្មី ដែលតា ដែលបញ្ហានេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈទុកជាមុន សម្រាប់យកពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
លោកអភិបាលខេត្ត បានបន្ថែមថាៈ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសារជាសម្លេង បានណែនាំដល់ អភិបាលខេត្ត ជាប់ព្រំដែនថៃទាំងអស់ ឱ្យផ្ទេរពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមព្រំដែន ចូលមកបន្តធ្វើចត្តាឡីស័ក នៅតាមបណ្តារាជធានី-ខេត្ត ដែលជាមូលដ្ឋានរបស់ពួកគេ ដើម្បីទុកទីតាំងចត្តាឡីស័ក នៅព្រំដែន សម្រាប់ទទួលពលករថ្មីទៀត។ ដោយឡែក សម្រាប់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលមូលដ្ឋាន រាជធានី-ខេត្ត ដែលមិនពាក់ព័ន្ធ Delta នឹងអនុញតឲ្យទៅធ្វើនៅតាមផ្ទះវិញ។
លោក អ៊ូច ភា ក៏បានធ្វើការណែនាំ បន្ថែមទៀតផងដែរ ទៅដល់អាជ្ញាធរក្រុង ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នា ក្នុងការត្រៀមរៀបចំកន្លែង សម្រាប់ទទួលបងប្អូនប្រជាពលករ ដែលមកពីប្រទេសថៃ ឱ្យពួកគាត់ ធ្វើចត្តាឡីស័ក និងសម្រាកនៅទីតាំង ដែលយើងបានត្រៀមរៀបចំ ជាមុននេះ ពិសេសគឺ ពន្លឿនការសម្អាត ទីតាំងទាំងនោះ ដោយរៀបចំប្រព័ន្ធទឹក ភ្លើង បន្ទប់ទឹក ដើម្បីឱ្យពលករមកពីថៃ បានធ្វើចត្តាឡីស័ក ដាច់ដោយឡែកពីគ្នា និងធានាបាន នូវការមិនបន្តឆ្លងរាលដាល ក្នុងសហគមន៍របស់យើង ចំពោះមេរោគប្រភេទ ដែលតានេះ ៕/V