ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ៦.២០០ ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកដល់ទឹកដីខេត្តព្រះវិហារហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ។
ពិធីនេះបានធ្វើឡើង ក្រោមការទទួលពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត ព្រះវិហារ តំណាងលោក ប្រាក់សុវណ្ណ អភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ និងក្រុមការងារ កិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ខេត្ត ជាច្រើនរូបទៀត។
បើតាមវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ខេត្តព្រះវិហារ ឱ្យដឹងថាៈ អនុគណៈកម្មការចំពោះ កិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន ៦.២០០ ដូស សម្រាប់រៀបចំចាក់ជូន មន្ត្រីរាជការជួរមុខ ដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងកូវីដ១៩។
លោកវេជ្ជបណ្ឌិត បានបន្ថែមថាៈ ការរៀបចំចាក់វ៉ាក់សាំង ដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំ ចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំង មានកាតព្វកិច្ចការពារខ្សែ ក្រវាត់ព្រំដែន កម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំង ជាងគេ ក្នុងការដែលពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជ រដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរ វិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាល ក្នុងប្រទេសខ្លួនឯងវិញ បើមានវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាៈ ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខ នឹងរៀបចំចាក់ នៅថ្ងៃស្អែកទី៨ នេះ នៅអគាររដ្ឋបាលខេត្ត ដើម្បីឱ្យស្របទៅតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ដាក់ជូនឱ្យអនុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍។
សូមជំរាបថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ គណៈកម្មការជាតិ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំង ដូសទី៣ ជូនមន្ត្រីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាបន្ទាន់ខណៈដែលពួកគេ ប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើន ត្រឡប់ពីប្រទេសថៃ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូស ទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារ ដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមាន មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាល យ៉ាងខ្លាំងក្លា នៅក្នុងតំបន់។
ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបាន ចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់។ ជាមួយនឹងការ សម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែង រកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕/V-PC