ដោយ: សុផល / ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន VIETTEL រៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងប្រមូលធាតុចូលដែលពាក់ព័ន្ធទៅនឹងតម្រូវការ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារបច្ចេកទេស តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកាទាំងអស់ នៃក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទី១ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់អំពីការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាធ្វើការណែនាំខ្លួនក្រុមការងារឱ្យស្គាល់គ្នា និងត្រៀមលក្ខណៈក្នុងការសហការគ្នា ដើម្បីប្រមូលធាតុចូលដែលពាក់ព័ន្ធទៅនឹងតម្រូវការ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងអង្គភាពរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតម្រាប់ការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។
ក្នុងកិច្ចប្រជុំនោះផងដែរ សមាជិក សមាជិកា នៃក្រុមការងារក៏បានធ្វើការគាំទ្រទៅលើការរៀបចំផែនការមេបច្ចេកវិទ្យានេះ ព្រមទាំងបានលើកឡើងនូវមតិយោបល់ សំណួរ និងសំណូមពរផ្សេងៗជុំវិញការអភិវឌ្ឍផែនការមេបច្ចេកវិទ្យា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះផងដែរ លោកប្រធានក្រុមការងារបច្ចេកទេស ក៏បានលើកឡើងជាសំណូមពរដល់សមាជិក សមាជិកា ទាំងអស់នៃក្រុមការងារបច្ចេកទេសឱ្យសហការគ្នា ក្នុងការរៀបចំផែនការមេបច្ចេកវិទ្យា ឱ្យដំណើរការបានទៅដោយរលូន និងជាប្រយោជន៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមទស្សនៈវិស័យរបស់លោក ទេសរដ្ឋមន្ត្រី និងគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២១-២០៣០៕