ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ថ្នាក់ដឹកនាំគណបក្សនយោបាយរបស់ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតបានគាំទ្រគាត់ឱ្យឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ ដោយត្រួសត្រាយផ្លូវឱ្យគាត់បន្តកាន់អំណាចរយៈពេលប្រាំមួយឆ្នាំទៀតបន្ទាប់ពីគាត់ត្រូវចុះចេញពីតំណែងប្រធានាធិបតីនៅឆ្នាំ ២០២២ ។
ចំណាត់ការនេះត្រូវការការយល់ព្រមពីសន្និបាតគណបក្ស ដែលនឹងជួបប្រជុំនៅខែក្រោយ។
នៅប្រទេសហ្វីលីពីន ប្រធានាធិបតីត្រូវបានកំណត់ឱ្យកាន់តំណែងតែមួយអាណត្តិដែលមានរយៈពេលប្រាំមួយឆ្នាំ។ អាណត្តិរបស់លោកឌុយទែតនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយប៉ុន្តែគាត់បាននិយាយថា គាត់កំពុងពិចារណាយ៉ាងខ្លាំងអំពីការឈរឈ្មោះប្រជែងតំណែងអនុប្រធានាធិបតីដែលអ្នកសង្កេតការណ៍នយោបាយនិងអ្នករិះគន់និយាយថាអាចជាទ្វារក្រោយសម្រាប់ឡើងមកកាន់តំណែងប្រធានាធិបតីឡើងវិញ។
អ្នកវិភាគនយោបាយជាច្រើននិយាយថា ការបោះឆ្នោតឆ្នាំក្រោយនឹងក្លាយជាការធ្វើប្រជាមតិលើគោលនយោបាយរបស់លោកឌុយទែតរួមទាំងការធ្វើសង្គ្រាមបង្ហូរឈាមរបស់គាត់លើគ្រឿងញៀន ដែលក្នុងនោះមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និង ការដោះស្រាយជំងឺរាតត្បាត។
ការគាំទ្រលោកឌុយទែតត្រូវបានប្រកាសដោយលោក មែលវីន ម៉ាទីបេក ជាអគ្គលេខាធិការនៃគណបក្សកាន់អំណាច PDP-Laban ដែលនិយាយថាការយល់ព្រមពីមន្ត្រីសំខាន់ៗនឹងត្រូវបង្ហាញនៅមហាសន្និបាតជាតិរបស់គណបក្សនេះនៅខែក្រោយដើម្បីទទួលបានការអនុម័ត។
លោកម៉ាទីបេកនិយាយថា សម្រាប់បេក្ខជនប្រធានាធិបតីរបស់ខ្លួន ថ្នាក់ដឹកនាំគណបក្សបានគាំទ្រជំនួយការកំពូលរបស់លោកឌុយទែតនិងជាព្រឹទ្ធសមាជិកបច្ចុប្បន្នលោក គ្រីស្តូហ្វើ ហ្គោ ដោយពណ៌នាលោកហ្គោនិងលោកឌុយទែតថាជា “ក្រុមមេដឹកនាំដ៏ខ្លាំងក្លា”។
លោកម៉ាទីបេកបានប្រាប់សន្និសីទសារព័ត៌មានថា “យើងសង្ឃឹមថាសមាជិកភាពទាំងមូលអាចទទួលយករឿងនេះ។ នោះគឺជាជម្រើសដ៏ពេញនិយមនិងសមហេតុផលរបស់មេដឹកនាំបក្ស PDP-Laban”៕
លោកឌុយទែតថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃទី២៦កក្កដា២០២១