ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ នៅសល់តែ ៧ ថ្ងៃទៀតតែប៉ុណ្ណោះ ដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនយុវវ័យ និងកុមារ ទូទាំងខណ្ឌសែនសុខ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នឹងត្រូវបញ្ចប់ ដូសទី១។
លោក អភិបាលខណ្ឌសែនសុខ ថ្លែងយ៉ាងនេះ ខណៈពេលលោក បានចុះពិនិត្យ ការចាក់វ៉ាសាំង ជូនក្មួយៗ នៅមណ្ឌលសុខភាពទឹកថ្លា ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកអភិបាលខណ្ឌ បានបន្ថែមថាៈ «អាជ្ញាធរខណ្ឌ សូមអញ្ជើញបងប្អូន កូន ក្មួយ រួសរាន់ទាក់ទង ទៅភូមិ/សង្កាត់ ឬអញ្ជើញទៅផ្ទាល់ មណ្ឌលវ៉ាក់សាំងជិតផ្ទះបំផុត ដើម្បីទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា»។
ក្នុងមូលដ្ឋានខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ សូមទំនាក់ទំនង អាជ្ញាធរមូលដ្ឋាន ដែលមានលេខទូរស័ព្ទ និងទីតាំងកំណត់ជូនស្រាប់ ដើម្បីទទួលបានលិខិត អញ្ជើញទៅចាក់វ៉ាក់សាំង នោះមាន៖ សង្កាត់អូរបែកក្អម និងសង្កាត់ភ្នំពេញថ្មី ទីតាំងដែលត្រូវចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកកម្ពុជា ចិន សែនសុខ។ សង្កាត់ឃ្មួញគឺនៅមណ្ឌលសុខភាព ឃ្មួញ។ សង្កាត់ក្រាំធ្នង់ នៅមណ្ឌលសុខភាពក្រាំងធ្នង់។ សង្កាត់គោកឃ្លាង នៅមណ្ឌលសុខភាពភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា គឺនៅមណ្ឌលសុខភាពទឹកថ្លា។
លោកអភិបាលខណ្ឌសែនសុខ បញ្ជាក់ទៀតថាៈ នៅពេលដែលទៅទទួល ចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ នៅទីតាំងខាងលើ សូមភ្ជាប់មកជាមួយដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សំបុត្របញ្ជាក់ កំណើត សៀវភៅស្នាក់នៅ ឬ សៀវភៅវគ្រួសារ ឬ សង្ឃដីកា ឬ លិខិតបញ្ជាក់ ទីលំនៅ ចេញដោយរដ្ឋបាលសង្កាត់។
រដ្ឋបាលខណ្ឌសែនសុខ បានសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀត ចំពោះ បងប្អូនដែលត្រូវ ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ត្រូវរក្សាអោយបាន ដាច់ខាត នូវគម្លាតសុវត្តិភាពសង្គម ពាក់ម៉ាស់ តម្រងជួរ ជៀសវាងការប្រជ្រៀតគ្នា កៀកគ្នា ណែនតាន់តាប់ ដោយត្រូវប្រកាន់ភ្ជាប់ នូវវិធានការរបស់ក្រសួងសុខា ភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា៕/V-PC