ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ យុវជនមួយក្រុម មានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង បានឆក់យកកាបូបស្ពាយ ពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមគេចខ្លួន តែភ្លាមៗនោះ ជនរងគ្រោះស្រែកថាចោរៗ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដេញតាមឃាត់ខ្លួនបាន ២ នាក់ ចំណែក ២ នាក់ទៀត គេចខ្លួនបាត់។ ហេតុការណ៍ នេះ បានកើតឡើង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខ ទីស្នាក់ការ ភូមិជ្រៃកោង តាមបណ្តោយផ្លូវ ចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង ២ នាក់នោះ ១-ឈ្មោះ សាន់ លីណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និង២-ឈ្មោះ យ៉េន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ តាមផ្លូវលេខ៥៩៨ សង្កាត់ទួល សង្កែ២ ខណ្ឌឫស្សីកែវ ។
តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ដោយស្ពាយ កាបូបលុយ ធ្វើដំណើរតាមបណ្តោយ ផ្លូវចោមចៅ ក្នុងទិសដៅពីខាងលិច ទៅខាងកើត ខណៈមកដល់ចំណុច កើតហេតុស្រាប់តែមាន ជនសង្ស័យ មួយក្រុម មានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង មួយគ្រឿង ម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU-3619 និងមួយគ្រឿងទៀត មិនចាំម៉ាក បានជិះមកពីក្រោយ រួចធ្វើសកម្មភាព ឆក់យកកាបូបលុយ ពីស្ត្រីរងគ្រោះ បានសម្រេច ហើយព្យាយាមជិះម៉តូគេចខ្លួន ។ តែភ្លាមៗនោះ ជនរងគ្រោះ បានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ដេញតាមចាប់ រហូតដល់ភូមិព្រៃល្វា ទើបសមត្ថកិច្ច ចាប់បាន ២នាក់ ចំណែក ២ នាក់ទៀត គេចខ្លួនបាត់។
ជនរងគ្រោះ បានបញ្ជាក់ថាៈ ក្នុងកាបូបរបស់គាត់ មានលុយខ្មែរ និងដុល្លារ សរុបជាង ១ ពាន់ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនទៀត។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចោមចៅទី២នាំខ្លួនយក ទៅសាកសួរបន្ត រង់ចាំបញ្ជូន ទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍ សែនជ័យ ចាត់ការតាមច្បាប់។ ចំណែកកាបូបលុយ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្ចាស់ដើមវិញ៕/V-PC