ដោយៈរ៉ាម៉ន/ភ្នំពេញៈប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដែលខកខានមិនបានទទួលបានវ៉ាក់សាំងនៅក្នុង យុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងទៅនិងអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំសូមទៅទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញចាប់ពីថ្ងៃស្អែកទី៨ខែសីហានេះតទៅ។នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៧ខែសីហាឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជាស្ត្រីមានគ័ភ៌ទើបសម្រាលកូនរួច អ្នកជាប់អនុវត្តវិធានការចត្តាឡីស័ក អ្នកមានបញ្ហាសុខភាពត្រូវព្យាបាល អ្នកមានធុរៈចាំបាច់ខានមិនបាន។ ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ ១៨ ឆ្នាំផងដែរ។
ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញប្រឹងប្រែងរៀបចំការផ្ដល់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋទាំងនោះបន្តទៀត គឺនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតនៅអគារឡូត៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋខាងលើអាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅរៀងរាល់ម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕សរន