ដោយៈមុនីរ័ត្ន/ភ្នំពេញ: បញ្វេញប្រតិកម្មជាលើកដំបូងមេធាវីរបស់លោក កឹម សុខា ប្រកាសថាលោកកឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និង មិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោកសម រង្សី កាលពីពេលថ្មីៗនេះទេ ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីលោកកឹម សុខា ។
លោក ចាន់ ចេន (រូបឯកសារ)
ក្នុងសេចក្តីប្រកាសនៅថ្ងៃទី៧ ខែសីហា របស់សហមេធាវីលោកកឹម សុខា បានអះអាងថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោកសម រង្សីកាលពីពេលថ្មីៗនេះទេ ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតិឲ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។
លោកមេធាវី ចាន់ ចេន បានបញ្ជាក់ជាចុងក្រោយថា “ឯកឧត្តម កឹម សុខា ក៏មិនពាក់ពន្ធ័ មិនគាំទ្រ និងមិននៅពីក្រោយ ការបង្កើតគណបក្សនយោបាយថ្មីៗ ដោយបុគ្គលឬក្រុមណានោះទេ”៕សរន