ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ អភិបាលរងខេត្តកំពង់ឆ្នាំង លោក អម សុភា បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការផ្ដល់ សេវា នៅអង្គភាពច្រកចេញ ចូលតែមួយ ។
គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីសាវតា នៃការបង្កើតឲ្យមានយន្តការ ច្រកចេញចូលតែមួយ សម្រាប់ផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងលំនាំនៃការផ្ដល់សេវា នៅអង្គភាពច្រកចេញចូលតែមួយ, របាយការណ៍ ដែលអនុវត្តបាន នាពេលកន្លងមក, និងពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ លោក អមសុភា បានក្រើនរំលឹក និងជម្រុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យអនុវត្ត ទៅតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន តាមសេចក្ដីណែនាំរបស់ ប្រមុខរដ្ឋាភិបាល ដោយធ្វើជាសេនាធិការដ៏សំខាន់ ក្នុងការពិនិត្យផ្ដល់យោបល់ និងវាយតម្លៃលើ ផ្នែកបច្ចេកទេស ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព និងទាន់ពេលវេលា៕/V