​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​លើកឡើងថា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កុមារ​-​យុវវ័យ នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន គឺ​មិនមាន​ការយក​ប្រាក់​ដាច់​ខាត បើសិន​មាន​មន្ត្រី​ណា​ម្នាក់​ពាក់ព័ន្ធ មានការ​យកប្រាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​កុមារ​-​យុវវ័យ ដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺ​នឹងត្រូវ​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់ ដោយ​មិនមាន​ការលើកលែង​ឡើយ ។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌ​-​សង្កាត់​ផ្សារ​ដើមថ្កូវ ចុះ​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ។​

​លោក ថេ​ង សុ​ថុល បាន​បន្តថា​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ហើយ​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា គឺ​មិន​គិតថ្លៃ​នោះទេ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹងមាន​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ណា មានការ​ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។

​ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌ ក៏បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល កុមារ​-​យុវវ័យ ដែលមាន​អាយុ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​សូមកុំ​គិតថា មិនមាន​វ៉ាក់សាំង​សម្រាប់​ចាក់ ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង ដើម្បី​មកចាក់​ជូន​ដល់​បងប្អូន​ប្រជាព​រដ្ឋ កុមារ និង​យុវវ័យ អោយបាន​គ្រប់គ្នា ដើម្បី​យើង​អាច​ឈានទៅ​បើក​ដំណើរការ​សាលារៀន​, ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​របស់​យើង​ឡើងវិញ ។

​សូមបញ្ជាក់ថា ៖​គិត​ចាប់ពី​ថ្ងៃទី​០១ សីហា មកដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ មាន​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅ​ទូទាំង​ខណ្ឌចំការមន បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៤២៦​នាក់ ក្នុង​ចំនួន​សរុប ប្រមាណ ៣២០០​នាក់ នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ៕​