​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បានបញ្ជាក់​ឲ្យ​ដឹងថា ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ យុវវ័យ ចាប់ពី​អាយុ​១២​ដល់​១៧​ឆ្នាំ នៅ​ខណ្ឌ​សែន​សុខ មាន​៦​សង្កាត់ ដែលមាន​តួរ​លេខ​រួម​សរុប​ចំនួន​ជាង​២០.០០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​មន្ដ្រី​ជំនាញ ចុះ​ពិនិត្យ និង​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង នៅ​មណ្ឌល​សុខភាព​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១​។​

​លោក ម៉ូ​វ ម៉ានិត បាន​បញ្ជាក់ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​យុទ្ធនាការ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​នៃ​ការចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង​យុវវ័យ អាយុ​ចាប់ពី​១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​៧ ខែសីហា​នេះ កុមារ​ចាប់ពី​អាយុ ១២​ដល់ ១៧​ឆ្នាំ បាន​សម្រុក​មក​ទទួល​ការចាក់​វ៉ាក់សាំង​ទៅតាម​មណ្ឌល​ដែល​យើង​មាន​ចំនួន​៥ ទីតាំង​បាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​ហើយ​។ ទីតាំង​ចាក់​វ៉ាក់សាំង​ទាំង​៥​កន្លែង គឺ​នៅ​សង្កាត់​អូរ​បែកក្អម និង​សង្កាត់​ភ្នំពេញ​ថ្មី ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យបង្អែក​កម្ពុជា​-​ចិន សែន​សុខ​។ សង្កាត់​ឃ្មួញ គឺ​នៅ​មណ្ឌល​សុខភាព​ឃ្មួញ​។ សង្កាត់​ក្រាំ​ធ្នង់ នៅ​មណ្ឌល​សុខភាព​ក្រាំងធ្នង់​។ សង្កាត់​គោក​ឃ្លាង​នៅ​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី និង​សង្កាត់​ទឹកថ្លា គឺ​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា​។​

​ក្នុងឱកាស​នោះដែរ លោក ម៉ូ​វ ម៉ានិត ក៏បាន​ធ្វើការ​អំ​នាវ​នាវ​ចំពោះ​មាតាបិតា សូម​នាំ​កូនចៅ​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី​១២ ដល់​១៧​ឆ្នាំ មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ទីតាំង​ដែល​បានកំណត់​ចំនួន​៥​កន្លែង ឲ្យ​បាន​គ្រប់គ្នាៗ ព្រោះថា នៅសល់តែ​៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​កូនចៅ​កុមារ​ដូ​ស​ទី​១ និង​ត្រូវ​បិទ​បញ្ចប់​។ ហើយ​អាណាព្យាបាល គ្រាន់តែ​យកមក​ជាមួយ​នូវ​ឯកសារ​មួយចំនួន​ដូចជា​៖ សំបុត្រកំណើត ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន ដើម្បី​យកមក​បង្ហាញ អាជ្ញាធរ​ភូមិ​សង្កាត់​ដែល​បងប្អូន កូន ក្មួយ រស់នៅ នោះ​បងប្អូន និង​ទទួលបាន លិខិត​អនុញ្ញាត្ដិ ចាក់​វ៉ាក់សាំង​បាន​ហើយ ដោយ​មិនមាន​ការបង់ប្រាក់​នោះទេ​។​

​ក្នុងឱកាស​នោះដែរ លោក ម៉ូ​វ ម៉ានិត ក៏បាន​រំលឹក​ផងដែរ​ថា បន្ទាប់ពី​មាន​បញ្ជា​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ភូមិ គឺ​មិន​អនុ​ញ្ញា​ត្ត​ឱ្យមាន​ជាដាច់ខាត ចំពោះ​ការយក​លុយ​ជា​ថ្នូរ​នៃ​ការផ្តល់​ប័ណ្ណ​ចាក់​សាំង​ជូន​កុមារ​។ បើ​មាន​ករណីបែបនេះ នឹងមាន​បញ្ហា​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពោលគឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិនមាន​ការយោគយល់​ឡើយ​។​

​លោក​អភិបាលខណ្ឌ​សែន​សុខ បាន​សូម​ក្រើនរំលឹក និង​អំពាវនាវ​ជាថ្មី​ម្តងទៀត ចំពោះ​បងប្អូន​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ត្រូវ​រក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​គម្លាត​សុ​វត្តិភាព​សង្គម ពាក់​ម៉ាស់ តម្រង​ជួរ ជៀសវាង​ការ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែន​តាន់តាប់ ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​៕​