ដោយៈបាយ័ន/សៀមរាបៈ ជំងឺកូវីដ១៩ ប្រភេទដែលតា ( Delta )ក្នុងខេត្តសៀមរាបយើងកាន់តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ដូច្នេះវិធានការនៃការទប់ស្កាត់នៅពេលនេះមានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តសៀមរាប។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបាននិយាយនៅព្រឹកថ្ងៃទី៨ ខែសីហា ថា ការការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក បើមិនចាំបាច់សូមកុំចេញពីផ្ទះ ក្នុងករណីចាំបាច់បំផុតត្រូវចេញពីផ្ទះ(ទៅពេទ្យ ទៅធ្វើការ ទៅលក់ដូរ)។ ត្រូវតែអនុវត្តដាច់ខាតនូវការពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព លាងដៃឲ្យបានរាល់ពេលប៉ះជាមួយសម្ភារផ្សេងៗ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ជំងីកូវីដ-១៩ទាំងអស់គ្នា ៕សរន