​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ប៉ូលិស​ថៃ​បាន​និយា​កាលពី​ថ្ងៃអាទិត្យ​ថា បុរស​ថៃ​អាយុ​២៧​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់ថា​បាន​សម្លាប់​ស្ត្រីស្វីស​ម្នាក់ ដែល​ត្រូវបាន​ប្រទះឃើញ​ស្លាប់​កាលពី​សប្តាហ៍​មុន​​នៅ​កោះ​កម្សាន្ត​ភូ​កេត​។​

​អ្នកនាំពាក្យ​ប៉ូលិស បាន​និយាយថា​« ប៉ូលិស​បាន​ចោទប្រកាន់​ជនល្មើស​ពីបទ​ឃាតកម្ម​និង​ប្លន់​បណ្តាលអោយ​ស្លាប់​។​ទោះជា​យ៉ាងណា​មូលហេតុ​នៃ​ការស្លាប់​ស្ត្រី​នេះ​នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​រីឯ​​លទ្ធផល​ពិនិត្យ​សាកសព​ក៏​នៅ​មិនទាន់​ចេញ​ដែរ​»​។​

​សារព័ត៌មាន​បរទេស​ខ្លះ​បាន​និយាយថា ស្ត្រី​អ្នកទេសចរ​ស្វីស​រូប​នេះ​ត្រូវ​បាន​រំលោភ​សម្លាប់​។​

​ជនរងគ្រោះ​អាយុ​៥៧​ឆ្នាំ ជា​អ្នកទេសចរ​ស្វីស​ឈ្មោះ​បាន​មក​ទស្សនា​ថៃ​ក្រោម​យុទ្ធនាការ​ទេសចរណ៍​ប្រអប់​ខ្សាច់​ភូ​កេ​តដែល​អនុញ្ញាត​អោយ​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ពេញលេញ​ហើយ​ចូល​មក​លេង​​កោះ​នេះ ដោយ​មិន​ចាំបាច់​ធ្វើ​ចត្តា​ឡី​ស័ក ដរាបណា​ពួកគេ​ស្នាក់​នៅ​ទីនោះ​២​សប្តាហ៍​។​

​នាយរង​ប៉ូលិស​ខេត្ត​ភូ​កេត​បាន​និយាយថា ជនសង្ស័យ​បាន​វាយ​និង​ប្លន់​ជនរងគ្រោះ​នៅពេល​ពើបប្រទះ​គ្នា​នៅ​កន្លែង​ទឹកធ្លាក់​មួយ កន្លែង​ដែល​ជនល្មើស​បាន​ទៅ​រក​បេះ​ផ្លែឈើ​។​«​ជនល្មើស​​បាន​រក​ឃើញ​លុយ​៣០០​បាត​(១០​ដុល្លារ​) និង​បាន​យក​វា​ទៅ​ទិញ​ថ្នាំ ភេសជ្ជៈ​និង​ជួសជុល​ទូរស័ព្ទ​»​។​

​ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន​និង​សួរចម្លើយ ជនសង្ស័យ​បាន​សារភាព​ចំពោះ​ការវាយប្រហារ​ជនរងគ្រោះ​៕

រូបភាព​ម៉េ​រ៉ា​សុវត្ថិភាព បង្ហាញ​ជនល្មើស​ជិះ​ម៉ូតូ​ជិត​កន្លែង​ទឹកធ្លាក់​តុ​ន អូ យ៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​បុរស​នេះ​ឥឡូវ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ក្រោយ​សារភាពថា​​បាន​វាយប្រហារ​សម្លាប់​ស្ត្រីស្វីស​នៅ​ភូ​កេត​