ដោយៈសុផល/ភ្នំពេញ៖បន្ទាប់ពីបញ្ចប់ជាស្ថាពរការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត កាលពីដើមឆ្នាំ ២០២០ ធនាគារ ហ្វីលីព បច្ចុប្បន្នបានក្លាយជាធនាគារដែលមានបណ្តាញសាខាច្រើនជាងគេមួយនៅក្នុងកម្ពុជា សរុបប្រមាណជាង ៨០សាខានៅទូទាំងប្រទេស។
ក្នុងនាមជាធនាគារពាណិជ្ជសិង្ហបុរីតែមួយគត់នៅកម្ពុជា តើធនាគារ ហ្វីលីព បាននាំយកអ្វីខ្លះសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា?
អ្នកយកពត៌មាននៃសារពត៌មានរស្មីកម្ពុជាដេល្លី បានជួបសម្ភាសន៍ជាមួយអគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច ដើម្បីស្វែងយល់បន្ថែមអំពីសមិទ្ធិផលរបស់ធនាគារក៏ដូចជាចក្ខុវិស័យនាពេលអនាគត។
ខ្លឹមសារនៃបទសម្ភាសន៍មានដូចខាងក្រោម៖
រស្មីកម្ពុជា៖ បន្ទាប់ពីការរួមបញ្ចូលគ្នា តើធនាគារបានផ្តោតលើសកម្មភាពចម្បងៗអ្វីខ្លះ?
អគ្គនាយកធនាគារហ្វីលីព៖ចាប់តាំងការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត បានចូលជាធរមានមកធនាគារ ហ្វីលីព បានយកចិត្តទុកដាក់ផ្តោតលើសកម្មភាពសំខាន់ៗជាច្រើន ក្នុង នោះ សំដៅជាចម្បងទៅលើការបង្ហាញពីអត្តសញ្ញាណស្លាកយីហោ របស់ធនាគារ ហ្វីលីព ទៅដល់អតិថិជនទាំងអស់របស់ក្រេឌីត គួបផ្សំនឹងការផ្សព្វផ្សាយទៅកាន់សាធារណៈជនឲ្យបានស្គាល់ពី ចក្ខុ វិស័យ បេសកកម្ម និង គុណតំលៃរបស់យើងផងដែរ។ សាខាជាច្រើនត្រូវបានកែលម្អមុខមាត់ថ្មីជាបណ្តើរៗនិងបំលែងឲ្យទៅជាសាខាធនាគារដែលបម្រើសេវាកម្មនិងផលិតផលធនាគារពេញលេញជូនដល់អតិថិជនគ្រប់ស្រទាប់រាប់ចាប់ពី អតិថិជនកម្ចីខ្នាតតូច ឯកត្តជន សហគ្រាសធុនតូចនិងមធ្យម រហូតដល់ សហគ្រាសធំៗ។
កិច្ចការសំខាន់ផ្សេងទៀតគឺការផ្តល់ជូនផលិតផលដ៏ទាន់សម័យជាមួយនឹងសេវាកម្មដែលកាន់ងាយ ស្រួលសម្រាប់ជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុរបស់ពួកគេ។យើងឆ្ពោះទៅមុខដោយឈរលើយុទ្ធសាស្ត្រស្នូលតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលហើយបន្តដាក់ជូនផលិតផលធនាគារបែបឌីជីថលទៅកាន់ទីផ្សារក្នុងអំលុងពេល១ឆ្នាំកន្លះនេះផងដែរ។ តាមរយៈកម្មវិធីធនាគារចល័ត អតិថិជនអាចប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទបានយ៉ាងងាយស្រួល តាមរយៈម្រាមដៃរបស់ពួកគេ។ មាស្ទ័រកាតនិម្មិតរបស់ធនាគារយើង បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់អតិថិជនក្នុងការទូទាត់ទាំងក្នុងនិងក្រៅប្រទេស។ក្នុងឆ្នាំ២០២១យើងបាន ដាក់ដំណើរការសេវាកម្មបើកគណនីដល់ទីកន្លែងដែលផ្តល់នូវភាពងាយស្រួលទ្វេរដងសម្រាប់អតិថិ ជនរបស់យើងមានក្នុងការបើកគណនីជាមួយធនាគារ ហ្វីលីព។ យើងរំពឹងថានឹងដាក់ចេញនូវសេវា កម្មជាច្រើនទៀតរួមមានសេវាបង់ទឹក ភ្លើង សេវាកម្មបើកគណនីតាមប្រព័ន្ធអនឡាញ សេវាធនាគារតាមអិុនធើណេត សេវាស្កេននិងទូទាត់ឆ្លងប្រទេស និង កាតទូទាត់ជាច្រើនប្រភេទទៀត។
ដោយសារតែភាពជោគជ័យនៃការរួមបញ្ចូលគ្នានេះ យើងនឹងនាំយកនូវផលិតផលហិរញ្ញវត្ថុជាច្រើន និងសេវាធនាគារឌីជីផលដ៍សំបូរបែបសម្រាប់ដល់អតិថិជនរបស់យើងនៅតាមបណ្តាខេត្តក្រុងទូទាំង ប្រទេស។
រស្មីកម្ពុជា៖តើលក្ខណៈពិសេសអ្វីខ្លះដែលធ្វើឲ្យធនាគារ ហ្វីលីព មានភាពលេចធ្លោរក្នុងចំណោមដៃគូប្រកួតប្រជែងរបស់ខ្លួន?
អគ្គនាយក ធនាគារ ហ្វីលីព៖ក្នុងនាមជាធនាគារពាណិជ្ជសិង្ហបុរីតែមួយគត់នៅកម្ពុជា យើងបាន កំណត់នូវចក្ខុវិស័យរបស់យើងយ៉ាងច្បាស់គឺ “ផ្តល់ភាពពេញចិត្តដល់អតិថិជន បណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍”។ យើងបានបណ្តុះធនធានបុគ្គលិករបស់យើងឲ្យមានបុគ្គលិកលក្ខណៈតាមស្តង់ដាសិង្ហបុរីព្រមគ្នានឹងភាពទន់ភ្លន់នៃវប្បធម៌កម្ពុជាដើម្បីផ្តល់ជូនសេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជន។ ជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងគឺ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានធ្វើឲ្យយើងអាចផ្តល់ជូនជាពិសេសនូវកញ្ចប់សេវាកម្មនិងផលិតផលហិរញ្ញវត្ថុដ៏ពេញលេញសម្រាប់អតិថិ ជនរបស់យើង។ធនាគារយើងបម្រើជូនដល់អតិថិជន ទាំងបច្ចេកវិទ្យាខ្ពស់ ទាំងសេវាកម្មដែលល្អឥត ខ្ចោះ។ នេះមានន័យថា យើងផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ស្រប ជាមួយសេវាកម្មអតិ ថិជនដែលល្អប្រសើរបំផុតតាមរយៈបុគ្គលិកជាង១៨០០នាក់របស់យើង។បុគ្គលិករបស់យើងសុទ្ធ សឹងតែបានបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍសមត្ថភាពនិងចំណេះ ដឹងផ្នែកសេវាធនាគាររបស់ពួកគេ។
ដើម្បីបំពេញឲ្យបាននូវចក្ខុវិស័យក្នុងការចូលរួមផ្តល់ប្រយោជន៍ដល់សហគមន៍ យើងក៏បានផ្សាភ្ជាប់ការសហការទៅលើកិច្ចការទំនួលខុសត្រូវសង្គមផងដែរ ដោយផ្តោតទៅលើសកម្មភាពដែលជិតសិ្នទ្ធជាមួយសហគមន៍គោលដៅផ្ទាល់។ ធនាគារ ហ្វីលីព មានមោទនភាពណាស់ដែលក្នុងនាមជាធនា គារពាណិជ្ជនៅកម្ពុជាតែមួយគត់ដែលមានអង្គការមិនមែនរដ្ឋាភិបាលផ្ទាល់របស់ខ្លួនឈ្មោះថា ៉អង្គ ការគាំពារភូមិយើង” ដែលបាននិងកំពុងធ្វើការជាដៃគូជាមួយយើង។ បេសកកម្មរបស់អង្គការ គាំពារភូមិយើង គឺផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋងាយរង គ្រោះនៅសហគមន៍កម្ពុជាជាពិសេសអតិថិជនរបស់ធនាគារ ហ្វីលីព នៅតាមជនបទដោយផ្តល់វគ្គបណ្តុះ បណ្តាលនិងប្រឹក្សាយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការអប់រំកុមារតូច និង ការអភិវឌ្ឍន៍គ្រួសារនិងសហគមន៍។ ទាំងនេះបានធ្វើឲ្យធនាគារ ហ្វីលីព មានលក្ខណៈពិសេសខុសប្លែកពីធនា គា រពាណិជ្ជផ្សេងទៀត។
រស្មីកម្ពុជា៖ តើអ្វីខ្លះជាជោគជ័យដែលធនាគារទទួលបានក្នុងពេលជាងមួយឆ្នាំបន្ទាប់ពីការរួមបញ្ចូលគ្នារួច?
អគ្គនាយក ធនាគារ ហ្វីលីព៖បន្ទាប់ពីការរួមបញ្ចូលគ្នាមក យើងបានសម្រេចរួចរាល់ក្នុងការកែប្រែរូបរាងថ្មីពីក្រេឌីតទាំង៨៨សាខា មកជាធនាគារ ហ្វីលីព ហើយសាខាមួយចំនួនក៏បានបំលែងទៅជាសាខាផ្តល់សេវាធនាគារពេញលេញផងដែរ។អតិថិជនរបស់យើងនៅទីប្រជុំជន និង ជនបទប្រមាណជាង ៣០% បាននិងកំពុងប្រើប្រាស់សេវាធនាគារចល័ត24/7របស់យើងហើយយើងរំពឹងថាចំនួននេះនឹងកើនឡើងជាលំដាប់បន្ទាប់ពីការដាក់ឲ្យមានសេវាទូទាត់ឧបករណ៍ប្រើប្រាស់នៅលើកម្មវិធីធនគារចល័តរបស់យើង ។ បន្ទាប់ពីបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិ និង គម្រោងទូទាត់ជាប្រាក់រៀលតាមការស្កេនកូដមក (KHQR) យើងបានក្លាយជាធនាគារលំដាប់ទី៣នាំមុខគេដែលមានអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគងច្រើនជាងគេ។ បច្ចុប្បន្ននេះយើងបានផ្តល់ជូនសេវាទូទាត់ជាប្រាក់រៀលតាមការស្កេនកូដ(KHQR) ជាមួយដៃគូអាជីវកម្មជាង ៣០០០ ហើយយើងនឹងបន្តពង្រីករហូតដល់ ៦០០០អាជីវករនៅដំណាច់ឆ្នាំនេះ។
នេះជាដំណើរការដែលធនាគារជួយជ្រោមជ្រែងអតិថិជនរបស់យើងឲ្យត្រៀមខ្លួនរួចជាស្រេចទៅកាន់ការប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធទូទាត់ថ្នាក់ជាតិមួយនេះ។យើងនឹងពង្រីកសេវាឌីជីថលបន្ថែមទៀតតាមរយៈការដាក់ឲ្យប្រើប្រាស់ សេវាធនាគារតាមអ៊ីនធើណិតសម្រាប់អតិថិជនឯកត្តជននិងសហ គ្រាសនាត្រីមាសទី៤ឆ្នាំ២០២១។ យើងក៏មានគម្រោងដាក់ឲ្យប្រើប្រាស់ សេវាកម្មបើកគណនីតាមអនឡាញផងដែរ ដោយអតិថិជនអាចទាញយកកម្មវិធីធនាគារចល័តរបស់យើងហើយបង្កើតគណនីដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
រស្មីកម្ពុជា៖ក្នុងនាមជាធនាគារសិង្ហបុរី តើលោកផ្សាភ្ជាប់ដោយរបៀបណាជាមួយសហគមន៍ប្រជាជាតិសិង្ហបុរីនៅកម្ពុជា ដើម្បីឲ្យពួកគេទទួលបានផលិតផល និង សេវាកម្មរបស់ធនាគារ។
អគ្គនាយក ធនាគារ ហ្វីលីព៖ធនាគារ ហ្វីលីព តែងតែធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហគមន៍ប្រជាជាតិសិង្ហបុរីនៅកម្ពុជា។ លើសពីនេះ យើងតែងតែគាំទ្រសកម្មភាពជាច្រើនរបស់សហគមន៍ពួកគាត់ ដើម្បីធ្វើការណែនាំផលិតផលនិងសេវាកម្មរបស់យើងទៅដល់អាជីវកម្មរបស់ពួកគាត់ផងដែរ។ យើងទទួលបានអាជីវកម្មរបស់ជនជាតិសិង្ហបុរីជាច្រើន ដែលប្រើប្រាស់សេវាកម្មរបស់ធនាគារយើង។ ជាមួយគ្នានេះយើងក៏បានសហការជាមួយដៃគូអាជីវកម្មសិង្ហបុរីជាច្រើនក្នុងការផ្តល់ការបញ្ចុះតំលៃដល់អ្នកប្រើប្រាស់កាតធនាគារ ហ្វីលីព។ ភាគច្រើននៃអាជីវកម្មជនជាតិសិង្ហបុរីនៅកម្ពុជា គឺជាដៃគូសហការរបស់ធនាគារយើងសេវាទូទាត់ដោយស្កេនកូដQR ដែលនេះ បានផ្តល់នូវភាពស្រួលទ្វេរឡើងសម្រាប់អតិថិជនជាតិសិង្ហបុរី។
រស្មីកម្ពុជា៖តើទិសដៅចក្ខុវិស័យរបស់ធនាគារលោកក្នុងពេល៥ឆ្នាំខាងមុខមានអ្វីខ្លះ?
អគ្គនាយក ធនាគារ ហ្វីលីព៖ យើងនឹងបន្តការរីកចម្រើនរបស់យើងបន្ថែមទៀតទៅកាន់ឌីជីថលភាវូបនីយកម្ម។ យើងមានគោលបំណងសម្រេចឲ្យបានក្នុងការក្លាយខ្លួនជាធនាគារឌីជីថលនាំមុខគេមួយនៅកម្ពុជា ។ បច្ចុប្បន្នយើងបានដាក់ការវិនិយោគទៅលើរចនាសម្ព័ន្ធនៃសេវាកម្មធនាគារឌីជីថលជាច្រើនប្រភេទ ហើយទាំងនេះនឹងជះផលដល់អតិថិជនរបស់យើងឲ្យទទួលបានទំនើបកម្មនិងភាពងាយស្រួលច្រើនឡើងនាអនាគត។ ក្នុងពេល៥ឆ្នាំខាងមុខ យើងរំពឹងថាអតិថិជនកាន់តែច្រើននឹងរីករាយប្រើប្រាស់ផលិតផលឌីជីផលនិងសេវាកម្មរបស់យើង ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុក្នុងក្តីស្រមៃរបស់ពួកគាត់៕Ph