ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ពួកតាលីបង់បានរឹតបន្តឹងការឡោមព័ទ្ធជុំវិញភាគខាងជើងអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យទី៨សីហាដោយដណ្តើមយកបានទីរួមខេត្តចំនួនបីបន្ថែមទៀត ខណៈពួកនេះងាកមកផ្តោតលើការវាយលុកដណ្តើមទីក្រុងនានាបន្ទាប់ពីដណ្តើមកាន់កាប់តំបន់ជនបទភាគច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រុមបះបោរនេះបានដណ្តើមយកទីរួមខេត្តចំនួនប្រាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃសុក្រនៅក្នុងការវាយលុកលឿនដូចរន្ទះដែលហាក់មានគ្នាច្រើនលើសលប់សង្គ្រប់លើកងកម្លាំងរដ្ឋាភិបាល។
ការប្រយុទ្ធគ្នានៅក្នុងជម្លោះរ៉ាំរ៉ៃរបស់អាហ្វហ្គានីស្ថានបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែឧសភា នៅពេលដែលកងកម្លាំងបរទេសចាប់ផ្តើមដកទ័ពចេញដែលនឹងបញ្ចប់ទាំងស្រុងនៅចុងខែសីហានេះ។
ប្រភពសមាជិកសភា សន្តិសុខ និងប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តទាំងនោះបានបញ្ជាក់ថា ទីក្រុងឃុនឌូស ទីក្រុងសាអេផូល និងទីក្រុងតាឡូកាននៅភាគខាងជើងបានដួលរលំក្នុងរយៈពេលតែប៉ុន្មានម៉ោងពីគ្នាកាលពីថ្ងៃអាទិត្យ។
នៅទីក្រុងឃុនឌូស ជាទីរួមខេត្តឃុនឌូស អ្នកស្រុកម្នាក់បានពណ៌នាថាទីក្រុងនេះបានធ្លាក់ចូល “ភាពវឹកវរទាំងស្រុង”។
ពួកតាលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវ កងជីវពលយើងដោយមានគុណព្រះជួយ បានដណ្តើមកាន់កាប់ទីក្រុងឃុនឌូស។កងជីវពលយើងក៏បានដណ្តើមទីក្រុងសាអេផូល អគាររដ្ឋាភិបាល និងអគារស្ថាប័នទាំងអស់នៅទីនោះផងដែរ”។
ក្រុមបះបោរនេះបាននិយាយនៅលើ Twitter នៅល្ងាចថ្ងៃអាទិត្យថា ពួកគេក៏បានដណ្តើមយកទីក្រុងតាឡូកានដែលជាទីរួមខេត្តនៃខេត្តតាខាផងដែរ៕
ពួកតាលីបង់ផ្តោតលើការដណ្តើមទីរួមខេត្ត ក្រោយវាយបានទីជនបទភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន។ទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានដកថយចេញពីការវាយសន្ធាប់របស់ក្រុមតាលីបង់ជាបន្តបន្ទាប់