​ប្រែ​សម្រួល : កញ្ញា​ដា​​លីស (​ដេលី​មែ​ល​) ៖ ដោយ​សហរដ្ឋ​អាម៉េរិក​កត់ត្រា​ករណី​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​មកនេះ មន្ត្រី​សុខាភិបាល​សាធារណៈ​កំពូល​​ម្នាក់​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ទី​៨​សីហា​ថា ប្រទេស​នេះ​កំពុង “​បរាជ័យ​” ក្នុង​ការប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​លើ​វីរុស​កូរ៉ូណា​។​

​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​បំ​ប្លែងខ្លួន Delta បាន​នាំមក​នូវ​ដំណឹង​អាក្រក់​ជាច្រើន​នៅ​សហរដ្ឋ​អាម៉េរិក ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​រួចទៅហើយ គឺ ជាង ៦១៦.០០០ នាក់​។​

​ករណី​ថ្មី​សរុប​ប្រចាំថ្ងៃ​បាន​កើនឡើង​ដល់ ១១៨.០០០ នាក់​ដែល​ជា​កម្រិត​ឆ្លង​ខ្ពស់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ខែ​កុម្ភៈ​។ ការស្លាប់​បាន​កើនឡើង ៨៩ ភាគរយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ បើ​ទោះ​ជា​ចំនួន​អ្នកស្លាប់​មាន​ការធ្លាក់ចុះ​បន្តិច​នៅ​ជុំវិញ​ពិភពលោក​ក៏ដោយ​។ ហើយ​មន្ទីរពេទ្យ​កុមារ​នៅក្នុង​រដ្ឋ​នានា​ដូចជា​រដ្ឋ​ផ្លរីដា​កំពុង​ជោរជន់​ដោយ​អ្នកជំងឺ​ព្រោះ​យុវជន​ច្រើន​ឡើង​កំពុង​​រង​ផល​ប៉ះពាល់​ពី​កូវី​ដ​។​

​លោក ហ្វ្រង់​ស៊ីស ខូល​លីន ជា​នាយក​វិទ្យាស្ថាន​សុខភាព​ជាតិ បាន​និយាយ​ប្រាប់​កម្មវិធី This Week​របស់​ទូរទស្សន៍ ABC​ថា “​យើង​មិនគួរណា​ឈាន​ម​មកដល់​ចំណុច​ដែល​យើង​កំពុង​​មកដល់​ពេលនេះ​ទេ​។ ក្នុងន័យនេះ យើង​កំពុង​បរាជ័យ​ហើយ​”​។​

​ការភ័យខ្លាច​អំពី​មេរោគ Delta បាន​ជំរុញ​ឱ្យ​មាន​ការកើនឡើង​នូវ​អត្រា​ចាក់​វ៉ាក់សាំង​ប៉ុន្តែ​មនុស្ស​រាប់លាន​នាក់​ជា​ពិសេស​នៅក្នុង​តំបន់​អភិរក្សនិយម​នៃ​ប្រទេស​នៅតែ​មាន​មន្ទិល​​សង្ស័យ​អំពី​វ៉ាក់សាំង​។​

​លោក​ខូល​លី​ននិយាយថា “​ក្នុងពេល​កំពុង​មានកា​រ​កើនឡើង​ករណី​វីរុស Delta​យើង​ប្រហែល​មិន​ស្ថិតនៅ​ចំណុច​ដែល​យើង​កំពុង​នៅ​សព្វថ្ងៃនេះ​ទេ​ប្រសិនបើ​យើង​មាន​ប្រសិទ្ធភាព​ក្នុង​ការឱ្យ​​មនុស្ស​មក​ចាក់​វ៉ាក់សាំង​។ ឥឡូវ​យើង​កំពុង​បង់​នូវ​តម្លៃ​ដ៏​ធ្ងន់ធ្ងរ​”៕

​អាម៉េរិក​កត់ត្រា​ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ទង់​១១​ម៉ឺន​នាក់​ស្ទើរ​រាល់ថ្ងៃ​