ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រី​បច្ចេកទេស​តាម​ស្ថានីយ​ជញ្ជីង​អចល័ត​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ កាលពី​ថ្ងៃទី​៨​ខែសីហា​បានធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ដែល​ឆ្លងកាត់​ស្ថានីយ និង​ចុះ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​កិន​ថ្ម ដេប៉ូ​ខ្សាច់ និង​រណ្តៅ​ដី អំពី​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ក្នុង​មាត្រា​២៦ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​ទៀត​ដែលមាន​ជា​ធរមាន ។

​សកម្មភាព​នៃ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ឱ្យ​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​កិន​ថ្ម ខ្សាច់ និង​ដី​នៅ​ទូទាំងប្រទេស ចូលរួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស​ស្ដីពី​ការដឹកជញ្ជូន​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការដឹក​លើស​ទម្ងន់​ដែល​នាំ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ដើម្បី​អប់រំ​ជុំវិញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ដឹកជញ្ជូន​ដែល​អនុលោម​តាមច្បាប់​ផ្លូវថ្នល់ មាត្រា​៦០​។​

​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បាន​ចែងថា​រាល់​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន ១​ឆ្នាំ​។ ដូចនេះ​សូម​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវ​ដឹង​អំពី​ទម្ងន់​ផ្ទុក​អនុញ្ញាត​នៃ​ប្រភេទ​យានយន្ត​របស់ខ្លួន ជៀសវាង​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ដែលនាំឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា​រកស៊ី​របស់ខ្លួន​។​

​ជាថ្មី​ម្តងទៀត ក្រសួង​សូម​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន និង​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ចូលរួម​គោរព​តាម​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖ “​ការប្រកបមុខរបរ​ទទួលទាន ក៏ដូចជា ការបំពេញ​ការងារ តាម​វិជ្ជាជីវៈ របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ គឺថា​ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គមជាតិ ដែល​កំពុងមាន​សន្តិភាព និង​ការរីកចម្រើន អរគុណ​សន្តិភាព​” និង​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាប់​គង់វង្ស​តាម​អាយុកាល​កំណត់ ៕​srn