ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ ដោយការចង ក ក៏ប៉ុន្តែសមត្ថកិច្ច អះអាងថា ជាករណីឃាតកម្ម ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុច ភូមិស្រែអណ្ដូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលស្រុកថ្ពង បានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ ខុម ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រាច់ខ្ពស់ ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
ប្រភពដដែល បានបន្តថាៈ បើតាមរូបភាពជាក់ស្ដែង បុរសរូបនេះ បានធ្វើអត្តឃាត ដោយចង ក ជាប់ដើមពពាលខែ ដោយប្រើកន្សែងពោះគោ ពណ៌ក្រហម ស្លៀកខោពណ៌ខ្មៅ អាវក្របោយ ពណ៌ខៀវ ។
សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាៈ ករណីនេះ ជាអំពើឃាតកម្មច្រើនជាង ដោយសារតែឧបករណ៍ ប្រើសម្រាប់ធ្វើអត្ដឃាត ជាកន្សែង ពោះគោ រីឯដើមឈើ ដែលបុរសនោះ ចង ក នោះ វាតូច ហើយដួលរាបដល់ដី ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យរួច៕/V