​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នាយករដ្ឋមន្ត្រី​លោក មូ​ហ៊ីដ​ឌីន យ៉ាស​ស៊ីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៨​សីហា​ថា​ម៉ាឡេស៊ី​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩​មួយចំនួន​​សម្រាប់​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅក្នុង​រដ្ឋ​ចំនួន​ប្រាំបី ដែល​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​នានា​ដូចជា ចំនួន​ករណី​ឆ្លង​ថយចុះ និង អត្រា​ចាក់​វ៉ាក់សាំង​មាន​ខ្ពស់​។​

​លោកមូ​ហ៊ីដ​ឌីន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា វិធានការ​នានា​ដែល​នឹង​អនុញ្ញាត​ឱ្យ​ទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន លេង​កីឡា​លក្ខណៈ​ឯកត្តជន​នៅ​ខាងក្រៅ និង ទេសចរណ៍​ឆ្លង​រដ្ឋ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ទី​១០​សីហា​។​

​លោក​បាន​និយាយថា “​ខ្ញុំ​យល់ មនុស្ស​ជាច្រើន​គឺ​ធុញទ្រាន់​នឹង​ជំងឺ​រាតត្បាត ឬ កំពុង​ដោះស្រាយ​ជាមួយនឹង​ការ​អស់កម្លាំង​ល្ហិតល្ហៃ​ពី​ជំងឺ​រាតត្បាត​”​។​

​ម៉ាឡេស៊ី​បាន​ស្ថិតនៅក្រោម​ការបិទ​ខ្ទប់​ចាប់តាំងពី​ថ្ងៃទី ១ ខែ​មិថុនា​ហើយ​ខណៈ​ការឆ្លង​ប្រចាំថ្ងៃ​បន្ត​កើនឡើង​ដល់​កម្រិត​កំពូល​រដ្ឋ​មួយ​ចំនួន​កាលពី​ខែ​មុន​បាន​ចាប់ផ្តើម​បង្ហាញ​ពី​វ​ឌ្ឍ​ភាព​​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត ហើយ​បាន​ចាប់ផ្តើម​ដក​បម្រាម​មួយចំនួន​ចេញ​។​

​វិធានការ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​នឹង​មិន​មាន​ឥទ្ធិពល​លើ​រដ្ឋធានី​កូឡា​ឡាំ​ពួនិ​ង​តំបន់​ជុំវិញ​រដ្ឋធានី​នោះទេ ព្រោះ​អត្រា​ឆ្លង​នៅតែមាន​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​ដដែល​។​

​រដ្ឋាភិបាល​ក៏​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​និង​អ្នក​រស់នៅ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ ពេល​ត្រឡប់​មកពី​បរទេស​ផង​ដែរ​ដោយ​មិន​គិត​ពី​ស្ថានភាព​ទីកន្លែង​​រស់នៅ​របស់​ពួកគេ​នោះទេ​។​

​លោកមូ​ហ៊ីដ​ឌីន​និយាយថា រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​នៅក្នុង​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​ផងដែរ ហើយ​លោក​នឹង​ធ្វើ​ការប្រកាស​ក្នុងពេល​ឆាប់ៗ​៕

​បុគ្គលិក​ទី​បញ្ចុះសព​កំពុង​បង្ហាញ​ស្លាក​ព្រលឹង​ជនរងគ្រោះ​ដល់​សាច់ញាតិ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ