ដោយៈ សរិទ្ធ / ភ្នំពេញៈ ស្ត្រី២នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌចំការមន ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីត្រួតពិនិត្យ ឃើញវត្ថុតាង ក្រាមសថ្លា សង្ស័យគ្រឿងញៀន មានចំនួន ១ កញ្ចប់ធំល្មម និង ៤២ កញ្ចប់ថង់តូច កាលពីល្ងាច ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២១ នៅចំណុចខាងក្រោយ ក្រុមហ៊ុនទូរស័ព្ទ ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ស្ត្រី២នាក់នេះ ឈ្មោះ យ៉េន សុខេន ហៅ ចាន់ ធី អាយុ ៥៧ឆ្នាំ មុខរបរ បោកខោអាវ និងឈ្មោះ ហូ ចិន្តា ហៅ ថុំ អាយុ ២៨ឆ្នាំ មុខរបរគ្មាន ទាំង២នាក់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោកវរសេនីយ៍ទោ ផន អូន អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន ខណ្ឌចំការមន បានអោយដឹងថាៈ មុនពេលកើតហេតុ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ ដើម្បីល្បាតក្នុងភូមិសាស្ត្រ ជាពិសេសតំបន់ស្មុគ្រស្មាញ លួចជក់ប្រើប្រាស់គ្រឿងញៀន។ លុះមកដល់ចំណុចកើតហេតុ កងកម្លាំងល្បាត បានប្រទះឃើញស្ត្រី ២ នាក់ កំពុងអង្គុយក្បែរគ្នា មុខផ្ទះជួលគ្មានលេខ ហើយក៏ធ្វើការត្រួតពិនិត្យ ឃើញមានវត្ថុតាង ក្រាមសថ្លា សង្ស័យជា គ្រឿងញៀន ១ កញ្ចប់ធំល្មម នៅក្នុងហោប៉ៅអាវ ខាងឆ្វេង និង ៤២ កញ្ចប់ទៀត នៅក្នុងឆ្នាំងដី ក្បែរជើងខាងស្តាំ របស់ជនសង្ស័យ ជាស្ត្រីឈ្មោះ យ៉េន សុខេន ហៅ ចាន់ ធី ទើបសមត្ថកិច្ច ឃាត់ខ្លួននាំមកប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីសាកសួរបន្តទៀត។
សមត្ថកិច្ច បានបន្តទៀតថាៈ នៅមុខសមត្ថកិច្ច ជនសង្ស័យ ជាស្ត្រីឈ្មោះ យ៉េន សុខេន បានអះអាងថា ក្រាមសថ្លាសង្ស័យ ជាថ្នាំញៀននេះ ពិតជារបស់ខ្លួន ពិតប្រាកដមែន។ បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យ ជាស្ត្រីទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាប់ការ តាមនីតិវិធីច្បាប់ ៕/V